ភ្នំពេញ : វិទ្យាស្ថានស្តង់ដារកម្ពុជា បង្កើតកិច្ចសហប្រតិបត្តិការជាមួយសមាគមក្នុងនិងក្រៅស្រុក រួមគ្នាអភិវឌ្ឍស្តង់ដារសម្រាប់ផលិតផល សម្ភារៈសំណង់ ក្នុងការចូលរួមទប់ស្កាត់នូវចំហេះដែលងាយឆាប់ឆេះ ដើម្បីឆ្លើយតបលើការអភិវឌ្ឍវិស័យសំណង់ និងការចូលរួមដល់ការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា
ឯកឧត្តម ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើក ឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការូបរួមគ្នាអភិវឌ្ឍស្តង់ដារផ្នែកសុវត្ថិភាពអគ្គិភ័យ រវាងវិទ្យាស្ថាន ស្តង់ដារកម្ពុជា ISC សមាគមសុវត្ថិភាពអគ្គិភ័យកម្ពុជា CFSA និងសមាគមសុវត្ថិភាពអគ្គិភ័យនៅតំបន់ GHM នៅថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៥ នេះថា ជុំវិញការស្តង់ដារនៃវិស័យសំណង់នេះ វិទ្យាស្ថានស្តង់ដារកម្ពុជា បានអនុម័តមានចំនួន ៣៣ ស្តង់ដារ បច្ចុប្បន្ន ក្រុមប្រឹក្សាស្ដង់ដារជាតិកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែង និងពិភាក្សា នូវក្នុងកម្រិតបច្ចេកទេសជាបន្តបន្ទាប់ ដើម្បីអនុម័តយកស្តង់ ដារជាតិឱ្យបានកាន់តែច្រើន។
ចំណែកការចុះអនុស្សារណៈនេះវិញ, ឯកឧត្តម លើកឡើងបន្ថែមថា ចំពោះការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគ យល់គ្នា ជាមួយវិស័យឯកជននាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីអនុវត្តស្តង់ដារសម្ភារៈសំណង់ដូចជា៖ ទ្វារ បង្អួច ពិដានជាដើម ក្នុងកិច្ចការពារនូវចំហេះ ទប់ទល់និងការងាយឆាប់ឆេះ ខណៈដែលពីមុនៗមក កម្ពុជាមិនដែលមានស្តង់ដារបែបនេះ ឡើយ ចំណែកការដាក់ចេញនូវស្តង់ដារបែបនេះ គឺជាការឆ្លើយតបទៅនិងការអភិវឌ្ឍវិស័យសំណង់ ដើម្បីចូលរួមទប់ស្កាត់នូវឆាប់ឆេះ ឱ្យបានជាអតិបរមា។
ជុំវិញបញ្ហានេះ ឯកឧត្តម ចាន់ សូផា ក៏បានអំពាវនាវដល់អ្នកផ្គត់ផ្គង់សម្ភារៈសំណង់ អ្នកនាំចូល អ្នកផលិត និងអ្នកសាងសង់ សូម យកចិត្តលើបញ្ហាស្តង់ដារសម្ភារៈសំណង់ឡើងវិញ ខណៈដែលយើងបានកំពុងគិតគូររៀបចំស្តង់ដារទាំងនេះ ដើម្បីបម្រើជាប្រយោជន៍ លើការវាយតម្លៃ មិនថានាំចូល ឬការផលិតនៅក្នុងស្រុកនោះឡើយ។ ការចូលរួមគាំទ្រអនុវត្តតាមស្តង់ដារ គឺជាការចូលរួមចំណែកយ៉ាង សំខាន់ ក្នុងការចូលរួមកាត់បន្ថយនូវការឆាបឆេះ និងក៏ជាការចូលរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជាផងដែរ។ សូមបញ្ជាក់ថា នៅក្នុង កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម កែ គី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តមអនុរដ្ឋលេខាធិការ និងមន្រ្តីនៅក្រោមឱវាទិ៍នៃវិទ្យាស្ថានស្តង់ដារកម្ពុជា និងរួមជាមួយតំណាងសមាគមទំាងពីរ គឺសមាគមក្នុងស្រុក និងសមាគមមកពីហុងកុង ដោយក្នុងនោះក៏បានធ្វើបទបង្ហាញ អំពីការអភិវឌ្ឍស្តង់ដារផ្នែកសុវត្ថិភាពអគ្គិភ័យ នេះផងដែរ៕