រាជធានីភ្នំពេញ៖ ជនដៃដល់ បានរឹតកសម្លាប់កម្មការិនីម្នាក់ នៅក្នុងបន្ទប់ជួល រួចហើយបានគេចខ្លួនបាត់ស្រមោល រហូតដល់ធុំក្លិនស្អុយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅក្នុងបន្ទប់លេខ៦៦ ជាន់ទី២ នៃផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមសម្ដីរបស់ម្ចាស់ផ្ទះជួល បានឱ្យដឹង ថា នៅមុនពេលកើតហេតុ មានប្រធានក្រុម ដែលធ្វើការជាមួយនឹងស្រ្ដីរងគ្រោះ បានហៅតាមទូរស័ព្ទមកគាត់ ដោយប្រាប់ ថា សូមឱ្យជួយទៅមើលកូនក្រុមរបស់គេផង ព្រោះនាងមិនបានទៅធ្វើការ អស់រយៈពេល៣ថ្ងៃកន្លងមកហើយ។ លុះពេលគាត់បានឡើងទៅមើល ឃើញបន្ទប់របស់ស្រ្ដីរងគ្រោះបានចាក់សោពីខាងក្រៅ តែមានធុំក្លិនស្អុយភាយចេញមក។ ភ្លាមនោះៗ គាត់មានការសង័្សយ អំពីករណីមនុស្សស្លាប់ នៅក្នុងបន្ទប់ ទើបរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹង ថា បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ សមត្ថកិច្ចបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ ហើយបានគាស់ទ្វារបន្ទប់មើល ក៏ឃើញជនរងគ្រោះត្រូវបានឃាតករយកខ្សែស្បែកជើងរឹតក ចងភ្ជាប់ជាមួយនឹងចម្រឹងបង្ហូច។ ស្រ្ដីរងគ្រោះមានឈ្មោះ ជុន សេន អាយុ៣៨ឆ្នាំ មានមុខរបរជាកម្មការិនីរោងចក្រ ស្នាក់នៅកន្លែងកើតហេតុ និង មានស្រុកកំណើតនៅភូមិត្រពាំងលាន ឃុំព្រែលក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ក្រោយការពិនិត្យ និង ធ្វើកោសល្យវិច័យរួចហើយ សមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារ មកទទួលសពរបស់កម្មការិនីរងគ្រោះ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងតែតាមស្រាវជ្រាវ ស្វែងរកការចាប់ខ្លួនជនដៃដល់ ដើម្បីនាំមកផ្ដន្ទាទោសតាមច្បាប់៕