បុរសម្នាក់ ខឹងប្រពន្ធនិយាយបញ្ឈឺចិត្តយកប្ដីថ្មី វាយ២ដៃផុតដណ្ដើមបាត់

18-មករា-2025 - ម៉ោង 09:31:AM

ខេត្តពោធិ៍សាត់៖ បុរសម្នាក់គ្រាន់តែឮប្រពន្ធនិយាយលេងសើចបែបបញ្ឈឺចិត្តយកប្ដីថ្មី ប្រសិនបើប្ដីរបស់ខ្លួនមានស្រីថ្មី ស្រាប់តែផ្ទុះភ្លើងប្រចណ្ឌយ៉ាងក្រេវក្រោធ ស្ទុះទៅដាល់នាងទាំងកម្រោលចំនួន២ដៃ បណ្ដាលឲ្យបាត់បង់ជីវិត កាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នៅភូមិខ្សាច់ល្អិត ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

អ្នកស្រី បឿ លាង អាយុ៣៣ឆ្នាំ ត្រូវជាប្អូនស្រីរបស់ស្រ្តីរងគ្រោះ បានឲ្យដឹង ថា កាលពីវេលាម៉ោងប្រហែល១១យប់ ថ្ងៃកើតហេតុ បងថ្លៃប្រុសរបស់នាង បានចុចទូរស័ព្ទមកប្រាប់ ថា គាត់បានជ្រុលដៃដាល់ប្រពន្ធរបស់គាត់ សន្លប់បាត់បង់ស្មារតីទៅហើយ។ គ្រាន់តែឮដូច្នេះ នាង និង ប្ដីរបស់នាង បានជិះម៉ូតូឌុបគ្នាទៅផ្ទះរបស់បងស្រីបង្កើត ឃើញមុខរបស់បងស្រី មានសភាពហើម ជាំឡើងខៀវ។ ភ្លាមៗនោះ ពួកនាងបានដឹកបងស្រី បញ្ជូនទៅកាន់មណ្ឌលសុខភាពឃុំអន្សាចំបក់ ដើម្បីសង្គ្រោះ។ ប៉ុន្តែជាអកុសល ក្រុមគ្រូពេទ្យ បានប្រាប់ ថា ស្រ្ដីរងគ្រោះបានស្លាប់ហើយ។

លោក មោគ ភារម្យ អធិការនគរបាលស្រុកក្រគរ បានឲ្យដឹង ថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ ពីអំពើហិង្សាបែបនេះភ្លាម សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង័្សយជាប្តី ឈ្មោះ សាំង ស៊ុន អាយុ ៣៦ឆ្នាំ។ រីឯជនរងគ្រោះជាប្រពន្ធ ឈ្មោះ បឿ លឿម អាយុ៣៥ឆ្នាំ ហើយគ្រួសារនេះរស់នៅភូមិ-ឃុំកើតហេតុខាងលើ។

ជនសង្ស័យ បានសារភាពប្រាប់សមត្ថកិច្ច ថា នៅមុនពេលកើតហេតុ ប្រពន្ធរបស់គាត់បានទៅចូលរួមនៅក្នុងកម្មវិធីសែនក្បាលស្រែ នៅចំណុចខាងកើតអ្នកតាអក។ លុះមកដល់វេលាម៉ោងប្រហែល៨ និង៣០នាទីយប់ ថ្ងៃកើតហេតុ គាត់បានទៅនាំប្រពន្ធរបស់គាត់ត្រឡប់មកផ្ទះវិញ។ ប៉ុន្ដែក្រោយពេលប្រពន្ធហូបបាយរួច ក៏ចងមុងដេក ហើយពួកគាត់បានចាប់ផ្ដើមកើតមានទំនាស់ពាក្យសម្ដីជាមួយគ្នា ស្រាប់តែប្រពន្ធរបស់គាត់ បាននិយាយ ថា៖« ប្រសិនបើឯងមានស្រី ខ្ញុំក៏មានប្រុសថ្មីទៀតដែរ»។

ជនសង័្សយ បានបន្ដ ថា គ្រាន់តែឮប្រពន្ធនិយាយបែបនេះ គាត់បានផ្ទុះកំហឹងយ៉ាងក្រេវក្រោធ រហូតទប់មិនបាន ស្ទុះងើបទៅដាល់ប្រពន្ធ ចំនួន២ដៃ ត្រូវចំកញ្ចឹងក បណ្ដាលឲ្យសន្លប់ស្តូកស្តឹង។ ប៉ុន្ដែដោយសារគាត់មានអារម្មណ៍ភ័យខ្លាំងពេក ទើបគាត់ចុចទូរស័ព្ទហៅប្អូនថ្លៃស្រី ឈ្មោះ បឿ លាង និងប្ដីឈ្មោះ សឹន រ៉ន ហើយបាននាំគ្នាដឹកប្រពន្ធរបស់គាត់ បញ្ជូនទៅកាន់មណ្ឌលសុខភាព។ ជាអកុសល គ្រាន់តែទៅដល់ភ្លាម ក្រុមគ្រូពេទ្យបានប្រាប់ ថា ប្រពន្ធរបស់គាត់បានស្លាប់ហើយ ទើបពួកគាត់ដឹកសពរបស់ប្រពន្ធ ត្រឡប់មកផ្ទះវិញ។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចជំនាញ បានជនសង័្សយ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ៕

ពត័មានពេញនិយម