រាជធានីភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បានដកកូនកាំបិតដេញចាក់ប្រហារទៅលើមនុស្សម្នាក់ រត់ចែកផ្លូវគ្នា ហើយបានដុតបន្ទប់នៅជាន់ទី២ ធ្វើឲ្យអ្នកភូមិភ័យខ្លាច រាយការណ៍ទៅសមត្ថកិច្ច កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅក្នុងហាងម៉ាតប៉េកាំងតុងវ៉ុងតាំង) នៃកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់ទំនងជាបែកថ្នាំ ហើយមិនដឹងមកពីទីណានោះទេ បានរត់ចេញពីហាងមួយកន្លែង ហើយបានកាន់កូនកាំបិតដេញគំរាមចាក់គេឯង នៅជុំវិញបរិវេណនោះ។ ឃើញសភាពបែបនេះ សន្តិសុខនៅទីនោះ បានដេញចាប់ទាំងមានការប្រុងប្រយ័ត្នផង ស្រាប់តែបុរសជនជាតិចិនរូបនោះបានរត់ចូលទៅក្នុងម៉ាត ហើយឡើងទៅដល់ជាន់ទីពីរ សំងំក្នុងបន្ទប់ស្នាក់នៅមួយសន្ទុះ រួចដុតសម្ភារក្នុងបន្ទប់ បង្កឲ្យកើតជាអគ្គិភ័យ ឆេះហុយផ្សែងទ្រលោម។
ប្រភពដដែល បានបន្តទៀត ថា ស្ថិតក្នុងស្ថានភាពបែបនេះ សន្តិសុខបានរាយការណ៍ទៅសមត្ថកិច្ចជំនាញបានបើករថយន្តបង្ការពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញមកធ្វើអន្តរាគមន៍បាញ់ទឹកអស់ចំនួន២រថយន្ត រហូតដល់វេលាម៉ោង១០យប់ថ្ងៃដដែល ទើបភ្លើងរលត់អស់ទៅវិញ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិបង្កហេតុ នាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីសាកសួរ និង ចាត់ការតាមច្បាប់។ បើទោះជាយ៉ាងណា នៅក្នុងហេតុការណ៍នេះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ប៉ុន្ដែវាគ្រាន់តែឆេះ ខូចខាតសម្ភារមួយចំនួនតែប៉ុណ្ណោះ៕