ភ្នំពេញ៖ក្រសួងបរិស្ថាន និងទីភ្នាក់ងារអាល្លឺម៉ងសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ប្រចាំប្រទេសកម្ពុជា នៅរសៀលថ្ងៃទី២០ខែមករា ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោង«គំនិតផ្តួចផ្តើមបៃតងដើម្បីសេដ្ឋកិច្ចចក្រា សម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹងប្រកបដោយចីរភាពនៅកម្ពុជា»។ ពិធីនេះ រៀបចំធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
នៅក្នុងអង្គពិធី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា ពិធីចុះហត្ថលេខានៅលើកិច្ចព្រមព្រៀងនាពេលនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញារួមគ្នារវាងប្រទេសកម្ពុជា និងប្រទេសអាល្លឺម៉ង់ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈ កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាបរិស្ថានជាសាកល។ ម៉្យាងវិញទៀត ថ្ងៃនេះ យើងមិនត្រឹមតែបានបង្កើតភាពជាដៃគូជាមួយគ្នា រវាងស្ថាប័នរដ្ឋ អង្គការដៃគូ វិស័យឯកជន និងប្រជាពលរដ្ឋប៉ុណ្ណោះនោះទេ ប៉ុន្តែយើងកំពុងពង្រឹងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបង្កើតគំរូការងារមួយ ដើម្បីធ្វើការគ្រប់គ្រងសំរាមសំណល់រឹងឱ្យមានប្រសិទ្ធភាព តាមរយៈការកាត់បន្ថយបរិមាណសំរាម ដែលត្រូវប្រមូលនិងដឹកជញ្ជូនទៅកាន់ទីលានទុកដាក់សំរាម។
ឯកឧត្តម Stefan Messerer, ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ ចំពោះការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួង ក្នុងការដាក់ចេញយុទ្ធនាការនានារបស់ក្រសួងបរិស្ថាននាពេលកន្លងមក ដើម្បីជំរុញឲ្យបរិស្ថានស្អាត។ លើសពីនេះ ឯកឧត្តមបានគូសបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់ គាំទ្រដល់សកម្មភាពរបស់ក្រសួងបរិស្ថាន ក្នុងគោលដៅអភិវឌ្ឍដោយចីរភាព។
អនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ ក្រសួង បរិស្ថានបានដាក់ចេញនូវ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណង តម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ចឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។