ខេត្តព្រះសីហនុ៖ ជនខិលខូចមួយក្រុម បានស្លៀកពាក់ឯកសណ្ឋានជាមន្រ្ដីអាវុធហត្ថ និង មន្រ្ដីនគរបាលជាតិ ក្លែងខ្លួនធ្វើជាសមត្ថកិច្ច ដើរជំរិតទារប្រាក់ ពីជនបរទេស នៅក្នុងភូមិសាស្រ្ដខេត្ដព្រះសីហនុ ក៏ត្រូវបានសមត្ថកិច្ចបង្ក្រាប និង ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៥នាក់។
លោក អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹង ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលបណ្ដឹង អំពីមន្ត្រីកងរាជអាវុធហត្ថ ប្រហែល៤នាក់ទៅ៥នាក់ ដើរចាប់រថយន្ត ឆែកឆេរ និង ចោទប្រកាន់ទៅលើជនរងគ្រោះ អំពីការដឹកម៉ាស៊ីនល្បែងអនឡាញដោយខុសច្បាប់ និង គំរាមទារប្រាក់ពីជនរងគ្រោះ ចំនួន៣០០០ដុល្លារ។ ប្រសិនបើជនរងគ្រោះមិនព្រមឲ្យលុយតាមការទាមទាររបស់ពួកគេនោះទេ ពួកគេនឹងចាប់ទាំងមនុស្ស រថយន្ត និងម៉ាស៊ីន បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ប៉ុន្ដែដោយសារតែការភ័យខ្លាចនឹងការគំរាមកំហែងនោះ ទើបជនរងគ្រោះ បានប្រគល់ប្រាក់ចំនួន៣០០០ដុល្លារ ទៅឲ្យក្រុមជនសង័្សយ។
ប្រភពដដែល បានបន្ដ ថា ជនសង័្សយទាំងនោះ បានគំរាមយកប្រាក់ពីជនរងគ្រោះ មានទាំងជនជាតិចិន និង ជនជាតិខ្មែរ ដោយយកប្រាក់បានចំនួនប្រហែល ១០ ០០០ដុល្លារអាមេរិក។ សកម្មភាពរបស់ពួកគេ បានកើតឡើង នៅក្នុងភូមិសាស្រ្ដសង្កាត់លេខ៣ និង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ប៉ុន្ដែក្រោយពេលមានបណ្ដឹងបែបនេះ សមត្ថកិច្ចជំនាញពាក់ព័ន្ធ បានស្រាវជ្រាវ ស៊ើបអង្កេត និង ពង្រីកដែនសមត្ថកិច្ច ក្រោមការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ និងលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ។ ជាលទ្ធផល សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង័្សយ ចំនួន៥នាក់ រួមមាន៖ ១-ឈ្មោះ ភិន សាឌីម ភេទប្រុស អាយុ២៦ឆ្នាំ, ២-ឈ្មោះ ហៃ ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ, ៣-ឈ្មោះ កុល មុន្នីរ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំ, ៤-ឈ្មោះ ហែម សុគន្ធ ភេទប្រុស អាយុ៣៦ឆ្នាំ និង ៥-ឈ្មោះ មឿន វិចិត្រ ភេទប្រុស អាយុ១៦ឆ្នាំ។
ក្រោយពេលបង្ក្រាប និង ឃាត់ខ្លួនរួច សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង័្សយ និង វត្ថុតាង ទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕