រាជធានីភ្នំពេញ៖ ក្រុមជនខិលខូច បានបើកល្បែងស៊ីសងតាមអនឡាញ ដោយខុសច្បាប់ ធ្វើឲ្យអ្នកញៀនល្បែងប្រុសស្រី នាំគ្នាទៅពពាក់ពពូនលេង ក៏ត្រូវបានសមត្ថកិច្ចបង្ក្រាប និង ឃាត់ខ្លួនជនជាតិចិន និង វៀតណាម ប្រហែលជាង៣០០នាក់ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅចំណុចអគារមានជ័យ អាផាតមិន តាមផ្លូវបេតុង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ច បានឱ្យដឹង ថា នៅមុនពេលឈានដល់ការបង្រ្កាបនោះ សមត្ថកិច្ចបានទទួលរាយការណ៍ពីពលរដ្ឋ អំពីទីតាំងអាផាតមិនខាងលើនេះ មានជនជាតិចិន និង ជនជាតិវៀតណាម តែងតែចេញចូលយ៉ាងច្រើន ដោយមានការសង័្សយ ពីការលេងល្បែងស៊ីសង។ ដោយយោងតាមបទបញ្ជាពីលោក ស ថេត អគ្គស្នងការនគរបាលជាតិ សមត្ថកិច្ចជំនាញពាក់ព័ន្ធ បានចុះទៅស៊ើបអង្កេត និង ស្រាវជ្រាវ រហូតឈានដល់ការឡោមព័ទ្ធទីតាំងអគារអាផាតមិនមួយកន្លែង មានការលួចលាក់បង្កប់ល្បែងស៊ីសងតាមអនឡាញ ដោយខុសច្បាប់។ ជាលទ្ធផល នៃប្រតិបត្ដិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកពាក់ព័ន្ធជាង៣០០នាក់។
ក្រោយពេលបង្ក្រាប និង ឃាត់ខ្លួនរួចមក សមត្ថកិច្ចបានបញ្ជូនជនបរទេសប្រុសស្រី ប្រហែលជាង៣០០នាក់ និង វត្ថុតាងទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសាកសួរ និង ចាត់ការតាមច្បាប់៕