សម្តេចតេជោ​ ហ៊ុន​ សែន​ ៖ ច្រូតស្រូវក្នុងទឹកប្រសើរជាងគ្មានស្រូវច្រូត ខណៈទ្រឹស្តីនេះ ត្រូវបានសម្តេចលើកឡើងតាំងពីជាង៣០ឆ្នាំមុន

ម្សិលមិញ ម៉ោង 12:00:PM

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា បានរំលឹកអំពីសកម្មភាពជាច្រើនរបស់សម្តេចជាង៣០ឆ្នាំមុនដែលបានចុះជួយអន្តរាគមន៍បូមទឹក សង្រ្គោះស្រូវប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយគ្រោះរាំងស្ងួត ខណៈគ្រានោះសម្តេច បានដាក់ចេញនូវទ្រឹស្តីថា«ច្រូតស្រូវក្នុងទឹកប្រសើរជាងគ្មានស្រូវច្រូត»។

តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នាព្រឹកព្រលឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដោយភ្ជាប់មកជាមួយវីដេអូនៃសកម្មភាពរបស់សម្តេចកាលពីជាង៣០ឆ្នាំមុនផងនោះ បានលើកឡើងថា «(ច្រូតស្រូវក្នុងទឹកប្រសើរជាងគ្មានស្រូវច្រូត)នេះជាទ្រឹស្តី ហ៊ុន សែន ដែលថ្លែងនៅថ្ងៃ២០ វិច្ឆិកា ១៩៩៤ បន្ទាប់ពីអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរបស់ប្រជាជននៅឃុំពត់សរ ស្រុកបាទី និងស្រុកខ្លះទៀតនៅខេត្តតាកែវ និងខេត្តកណ្តាលដែលធ្វើពីថ្ងៃ១៨-១៩ និង ២០ វិច្ឆិកា ១៩៩៤»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ទូរទស្សន៍ជាតិកម្ពុជាទើបបានរកឃើញវីដេអូ ដែលដែលចុះជួយសង្រ្គោះស្រូវប្រជាជន ដែលកំពុងខ្វះទឹកនៅឃុំពត់សរ ស្រុកបាទី និងស្រុកផ្សេងទៀតនៅខេត្តតាកែវ និងកណ្តាល។

សម្តេចបានរំលឹកទៀតថា ក្នុងចន្លោះឆ្នាំ១៩៨៥ ដល់ ១៩៩២ សម្តេចបានដឹកនាំចលនាដោះស្រាយទឹកជូនប្រជាកសិករ ដើម្បីធ្វើកសិកម្មតែជាអកុសលឆ្នាំ១៩៩៣ មានការផ្លាស់ប្តូររដ្ឋាភិបាល។ ក្រុមចំណូលថ្មីដែលមកពីបរទេសបាននាំមកទ្រឹស្តី និងការអនុវត្តន៍បែបល្ងិតល្ងង់នូវសេដ្ឋកិច្ចទីផ្សារដោយបោះបង់ចោលអន្តរាគមន៍ចំពោះកសិករដែលធ្វើឱ្យប្រឡាយមេ និងម៉ាស៊ីនបូមទឹកធុនធំជាច្រើនមិនត្រូវបានប្រើប្រាស់ និងទុកចោល។

សម្តេចតេជោ បានលើកឡើងទៀតថា «កសិករនៅឃុំពត់សរ ប្រហែល១០០នាក់ បានទៅប្រមូលផ្តុំនៅមុខផ្ទះខ្ញុំនៅវិមានឯករាជ្យចំថ្ងៃសំពះព្រះខែ ១៨ វិច្ឆិកា ឆ្នាំ១៩៩៤ដើម្បីស្នើឱ្យខ្ញុំសង្រ្គោះស្រូវរបស់ពួកគាត់ ដែលកំពុងខ្វះទឹក។ ខ្ញុំប្រញ៉ាប់ចុះទៅឃុំពត់សរ ដោយបោះបង់ចោលកម្មវិធីនៅភ្នំពេញរាប់ទាំងកម្មវិធីដង្ហែព្រះមហាក្សត្រក្នុងពិធីសំពះព្រះខែក្នុងព្រះរាជវាំង និងបិទកម្មវិធីប្រណាំងទូកផងដែរ។ខ្ញុំចូលរួមសំពះព្រះខែនៅវត្តព្រៃជា ភូមិព្រៃស្វាឃុំពត់សរ និងសម្រាកនៅស្រុកបាទីខេត្តតាកែវចំនួន ២យប់»។

ដោយឆ្លងកាត់គ្រោះរាំងស្ងួតឆ្នាំ១៩៩៤នាគ្រានោះសម្តេចបានកត់សម្គាល់ និងកែលើចំណុច៣ ដោយក្នុងនោះរួមមាន

១.នយោបាយឆ្កួតលីលានៃក្រុមចំណូលថ្មីនៃសេដ្ឋកិច្ចទីផ្សារ ដែលបោះបង់ចោលអន្តរាគមន៍ចំពោះកសិករត្រូវតែបានបញ្ចប់ និងអនុវត្តឡើងវិញនូវនយោបាយប្រឡាយមេ និងប្រព័ន្ធធារាសាស្ត្រដែលសម្តេចដឹកនាំធ្វើតាំងពីឆ្នាំ១៩៨៥មក។ ប៉ុន្តែឱកាសបានមកដល់ពេលគណបក្សប្រជាជនឈ្នះឆ្នោតខែកក្កដា១៩៩៨ សម្តេចបានផ្តួចផ្តើមបង្កើតក្រសួងធនធានទឹក និងឧតុនិយមដើម្បីជំរុញដោះស្រាយទឹកជូនប្រជាជនដើម្បីជំរុញវិស័យកសិកម្ម។

២.ត្រូវតែមានការផ្លាស់ពូជដោយប្តូរពីស្រូវធ្ងន់ប្រើពេលយូរមកស្រូវស្រាលប្រើរយៈពេលខ្លីវិញ។ ពេលនោះនៅកន្លែងខុសគ្នា សម្តេចតែងនិយាយលេងទៅកាន់កសិករថា(សូមបញ្ឈប់ការធ្វើស្រូវពូជនាងពួនមកធ្វើពូជនាងសង្ហាវិញ)។ នាងពួនសំដៅលើស្រូវដែលមិនចេញព្រោះខ្វះទឹក ឯនាងសង្ហាគឺស្រូវដែលចេញ និងទទួលផល។ សម្តេចបានបញ្ជាក់បន្ថែមទៀតថា បញ្ហាពូជបានចោទជាបញ្ហាកាលពីជាង៣០ឆ្នាំមុន តែវាក៏បាននឹងកំពុងចោទជាបញ្ហានៅពេលនេះដែរ។ពីមុនរកពូជស្រូវស្រាលឆាប់បានផលព្រោះយើងខ្វះស្បៀងតែពេលនេះយើងសល់ស្រូវ ៦ ទៅ ៧លានតោនឯ ណោះ។ ពេលនេះកសិករផលិតមិនត្រឹមតែសម្រាប់ច្រកឆ្នាំងប៉ុណ្ណោះទេ គឺត្រូវការលក់ទៅកាន់ទីផ្សារ ដូចនេះកសិករយើងត្រូវតែប្រើពូជដែលទីផ្សារត្រូវការទើបមានផលចំណេញ។ ពូជស្រូវក្នុងស្រុកកំពុងពេញនិយមទាំងនៅក្នុងប្រទេស និងនៅទីផ្សារក្រៅប្រទេស។

៣.ចំណុចចុងក្រោយ តែក៏សំខាន់ជាយុទ្ធសាស្ត្រគឺការបង្វែរពីការអភិវឌ្ឍតាមបែបបើកទូលាយទៅជាការអភិវឌ្ឍតាមបែបស៊ីជម្រៅវិញ តាមរយៈការខិតខំដោះស្រាយទឹក បង្កើនរដូវដាំដុះ ការប្រើពូជបច្ចេកទេស ការធ្វើប្រពលវប្បកម្មបង្កើនទិន្នផល។ ធ្វើយ៉ាងនេះយើងនឹងកាត់បន្ថយនូវការកាប់ព្រៃឈើធ្វើស្រែចំការនៅពេលចំនួនប្រជាជនកើនឡើង។

សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពកម្ពុជា បានលើកឡើងទៀតថា «សរុបមកពេលស្ថិតនៅស្រុកបាទី ឆ្នាំ១៩៩៤ ធ្វើឱ្យខ្ញុំជំនះបន្តនយោបាយប្រឡាយមេ និងប្រព័ន្ធធារាសាស្ត្រ។ ការផ្លាស់ប្តូរពូជរហូតប្រើពាក្យច្រូតស្រូវក្នុងទឹកប្រសើរជាងអត់ស្រូវច្រូត និងយុទ្ធសាស្ត្ររយៈពេលវែងលើវិស័យកសិកម្មតភ្ជាប់នឹងបរិស្ថានផងដែរ៕