បុរសកំណាចម្នាក់ កាប់ផ្ដាច់ជីវិតប្រពន្ធ ជាគ្រូបង្រៀន

ម្សិលមិញ ម៉ោង 12:09:PM

ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់បានលែងលះគ្នា មិនទាន់ដាច់ស្រេចជាមួយប្រពន្ធរបស់ខ្លួន និង សុំចែកកូនគ្នាមិនត្រូវ ហើយសុំជានានឹងគ្នាមិនសម្រេច ទើបកើតការចងអាឃាត កាប់សម្លាប់ប្រពន្ធរបស់ខ្លួន បណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាម កាលពីល្ងាច ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

បើតាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹង ថា នៅមុនពេលកើតមានអំពើឃាតកម្មដ៏សាហាវនោះ ជនសង័្សយជាប្ដី និង ជនរងគ្រោះជាប្រពន្ធ បានរស់នៅមិនចុះសម្រុងនឹងគ្នា រហូតឈានដល់ការចែកផ្លូវគ្នាដើរ។ ប៉ុន្ដែការលែងលះរបស់ពួកគេ នៅមិនទាន់ដាច់ស្រេចនឹងគ្នានៅឡើយ ហើយពួកគេនៅតែចែកកូនគ្នាមិនត្រូវ។ លុះមកដល់ថ្ងៃកើតហេតុ ជនសង័្សយបានសុំជាជាមួយនឹងប្រពន្ធជាគ្រូបង្រៀនឡើងវិញ តែប្រពន្ធមិនព្រម។ គួបផ្សំជាមួយនឹងការចែកកូនគ្នាមិនត្រូវផងនោះ ទើបធ្វើឲ្យជនសង័្សយចងអាឃាត ហើយបានកាប់សម្លាប់ប្រពន្ធរបស់ខ្លួន បណ្ដាលឲ្យស្លាប់ នៅក្នុងថ្លុកឈាម។ បន្ទាប់ធ្វើសកម្មភាពដ៏សាហាវរួចមក ជនសង័្សយក៏បាននាំកូនរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង ធ្វើកោសល្យវិច័យ រួចហើយបានធ្វើកំណត់ហេតុ ប្រគល់សពរបស់ជនរងគ្រោះទៅក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី ក្រោយសម្រែកយំសោកសៅពីក្រុមគ្រួសារ។ ដោយឡែក ជនសង័្សយកំពុងតែស្ថិតក្រោមការតាមចាប់ខ្លួនរបស់សមត្ថកិច្ច ដើម្បីនាំមកចាត់ការតាមច្បាប់៕

ពត័មានពេញនិយម