រថយន្ដស៊េរីទំនើបមួយគ្រឿង បុកម៉ូតូស្រុញមួយកំណាត់ខាងមុខ នៅផ្លូវ៦០ម៉ែត្រ

ម្សិលមិញ ម៉ោង 10:50:AM

រាជធានីភ្នំពេញ៖ រថយន្ដស៊េរីទំនើបមួយគ្រឿង បានបត់ឆ្លងផ្លូវ ធ្វើឲ្យអ្នកជិះម៉ូតូ ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកពីចំហៀងខាងស្ដាំ ដួលបោកក្បាលទៅលើថ្នល់ ហើយត្រូវបានរថយន្ដកិនម៉ូតូបន្ថែម បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់យ៉ាងអាណោចអាធ័មមួយរំពេច កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅមុខច្រកចូលសាលាខណ្ឌមានជ័យ តាមផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍នោះ មានបុរសម្នាក់បានរថយន្ដ ម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BP-0636 តាមបណ្តោយផ្លូវ៦០ម៉ែត្រ នៅក្នុងទិសដៅពីជើងទៅត្បូង បញ្ច្រាសទិសគ្នាជាមួយនឹងបុរសម្នាក់ជិះម៉ូតូ ម៉ាក Honda Beat ពណ៌សលាយក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 1K-9694 យ៉ាងលឿន។ លុះពេលរថយន្ដបានបើកដល់ចំណុចកើតហេតុ ក៏បត់ឆ្លងផ្លូវ ធ្វើឲ្យអ្នកជិះម៉ូតូ ចាប់ហ្វ្រាំងមិនទាន់ ជ្រុលចង្កូតទៅបុកគ្នា ជាមួយនឹងរថយន្ដ ចំពីចំហៀងខាងស្ដាំពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ បោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ខណៈម៉ូតូបានរងការខូចខាតស្រុញមួយកំណាត់ខាងមុខ និង រថយន្ដរងការខូចខាតបន្ដិចបន្តួច។ ឃើញហេតុការណ៍បែបនេះ អ្នកបើករថយន្ដបានគេចខ្លួនបាត់។

មន្រ្ដីនគរបាលចរាចរណ៍ បានឲ្យដឹង ថា ជនរងគ្រោះ ឈ្មោះ មួន ចាន់នី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាជាងដេគ័រ និង មានស្រុកកំណើតនៅភូមិស្រឡៅ ឃុំងន ស្រុកសណ្តាន់ ខេត្ត កំពង់ធំ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះទៅពិនិត្យ និង វាស់វែង ហើយបានដកហូតម៉ូតូ និងរថយន្ត យកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ នាពេលក្រោយ។ បន្ទាប់មក សមត្ថកិច្ចបានស្រាវជ្រាវស្វែងរកក្រុមគ្រួសារ មកទទួលយកសពរបស់ជនរងគ្រោះ ដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

ពត័មានពេញនិយម