បង្ក្រាបក្រុមអ្នកជិះម៉ូតូ កែច្នៃបំពង់ស៊ីម៉ាំង បំពងសំឡេងរំខានដល់ពលរដ្ឋ

ម្សិលមិញ ម៉ោង 02:08:PM

ខេត្តសៀមរាប៖ ស្របពេលយុវវ័យមួយចំនួន មានចរិតទំនើង តែងតែជិះម៉ូតូ បំពាក់បំពង់ស៊ីម៉ាំងកែច្នៃបំពងសំឡេងលាន់ឮខ្លាំង រំខាន់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានចេញប្រតិបត្ដិការបង្ក្រាប និង ចាប់ម៉ូតូ ចំនួន១២គ្រឿង។


ឃាត់ម៉ូតូចំនួន១២គ្រឿង ដែលបានកែច្នៃស៊ីម៉ាំងបង្កសំឡេងរំខាន និងកែច្នៃខុសបច្ចេកទេស ដោយបានយកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យម្ចាស់ម៉ូតូធ្វើការដោះដូរស៊ីម៉ាំង និងកែតម្រូវឱ្យបានដូចដើមវិញ ដោយពុំមានការផាកពិន័យនោះទេ។

មន្រ្ដីនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានឱ្យដឹង កាលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ថា មន្រ្តីនគរបាលប្រចាំការតាមគោលដៅចរាចរណ៍ផ្លូវគោកទាំងអស់ នៅបន្តរឹតបន្តឹងនូវការត្រួតពិនិត្យ ទប់ស្កាត់ និង បង្ក្រាបសកម្មភាពកែច្នៃបំពង់ស៊ីម៉ាំងបំពងសំឡេងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និង ការកែច្នៃខុសបច្ចេកទេសឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាលទ្ធផល សមត្ថកិច្ចឃាត់ម៉ូតូចំនួន១២គ្រឿង ពាក់ព័ន្ធនឹងករណីនេះ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅបរិវេណវិទ្យាល័យ១០មករា ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

ក្រោយពេលបង្ក្រាបរួច សមត្ថកិច្ចជំនាញបាននាំខ្លួនម្ចាស់ម៉ូតូទៅកាន់ការិយាល័យនគរបាលចរាចរណ៍ ហើយអប់រំពួកគេ និង ធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពបែបនេះ ព្រមទាំងដោះបំពង់ស៊ីម៉ាំងទាំងនោះចេញ នៅមុនពេលអនុញ្ញាតឲ្យពួកគេវិលត្រឡប់ទៅផ្ទះវិញ។ ប្រសិនករណីពួកគេនៅតែបន្ដសកម្មភាព នឹងអនុវត្ដាមច្បាប់៕

ពត័មានពេញនិយម