សមត្ថកិច្ច ក្របួចកជនសង័្សយ៦នាក់ ក្លែងបន្លំជាមន្រ្ដីនគរបាលជាតិ

10-មេសា-2025 - ម៉ោង 11:07:AM

រាជធានីភ្នំពេញ៖ បុរសមួយក្រុម បានក្លែងបន្លំខ្លួន ស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ ក៏ត្រូវបានសមត្ថកិច្ច ចុះបង្ក្រាប និង ឃាត់ខ្លួន នាំទៅចាត់ការតាមច្បាប់ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៥ នៅតាមផ្លូវរថភ្លើង ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹង ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះស្រាវជ្រាវ និង ឃាត់ខ្លួនជនសង័្សយ ចំនួន៦នាក់ មានការជាប់ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសណ្ឋាន ជាមន្ត្រីនគរបាលជាតិ។ ជនសង័្សយទាំងនេះ រួមមាន៖ ១.ឈ្មោះ បាន ភ័ត្ដ្រា ភេទប្រុស មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលលេខ៤២ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ, ២.ឈ្មោះ គ យ៉ ជ ភេទប្រុស ជាសិស្ស ស្នាក់នៅខណ្ឌសែនសុខ, ៣. ឈ្មោះ ព ម៉ ហ៊ ភេទប្រុស ជាសិស្ស ស្នាក់នៅផ្ទះលេខ៤៣D ភូមិបុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ, ៤.ឈ្មោះ ឈ ដ រ ញ៉ ភេទប្រុស ជាសិស្ស ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ, ៥.ឈ្មោះ ម៉ៅ ផាន់នីម័រ ភេទប្រុស មុខរបរកម្មករ ស្នាក់នៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ និង ៦.ឈ្មោះ តាំង ភក្ដី ភេទប្រុស មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ប្រភពដដែល បានបន្ដ ថា ក្រៅពីឃាត់ខ្លួនជនសង័្សយទាំង៦នាក់នេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាង មួយចំនួនផងដែរ មានដូចជា៖ ទូរស័ព្ទចំនួន៧គ្រឿង, ម៉ូតូចំនួន៣គ្រឿង (ម៉ាក Honda Dream ពណ៌ខ្មៅ, ម៉ាក Honda Wave ពណ៌ខ្មៅ, ម៉ាក Honda Scoopy ពណ៌ក្រហម) និង ឯកសណ្ឋានមន្ត្រីនគរបាលជាតិ។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបានបញ្ជូនជនសង័្សយ និង វត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និង កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសតាមច្បាប់៕

ពត័មានពេញនិយម