រាជធានីភ្នំពេញ៖ បុរសម្នាក់ បានហក់តោងរថយន្ដដឹកខ្សាច់ ហើយទម្លាក់ខ្លួនមកក្រោម ចូលកង់រថយន្ដ បណ្ដាលឲ្យកិនស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១១ និង៣៥នាទីព្រឹក ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់កំពុងតែអង្គុយ នៅតាមចិញ្ចើមផ្លូវ។ លុះមកដល់វេលាកើតហេតុ ក៏មានបុរសម្នាក់ បានបើករថយន្តដឹកខ្សាច់ ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ ភ្នំពេញ 3H-7524 មកដល់ ស្រាប់តែបុរសម្នាក់នេះ បានហក់តោងរថយន្ត ហើយបានទម្លាក់ខ្លួន ចុះមកក្រោម បណ្ដាលឲ្យរថយន្ដកិន និង អូសជាង១០ម៉ែត្រ ស្លាប់យ៉ាងអាណោចអាធ័មមួយរំពេច។ ឃើញហេតុការណ៍បែបនេះ អ្នកបើករថយន្ដបានភ័យស្លន់ស្លោ ហើយបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង វាស់វែង ហើយចាត់ការតាមនីតិវិធី។ បន្ទាប់មក សមត្ថកិច្ចបានស្រាវជ្រាវស្វែងរកសាច់ញាតិ មកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕