ក្មេងទំនើងម្នាក់ ខឹងអ្នកលក់ត្រីមិនឲ្យជំពាក់លុយ ទាញកាំបិត្តផ្គាក់ដោះស្រាយកំហឹង

10-មេសា-2025 - ម៉ោង 09:23:AM

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ ខឹងអ្នកលក់ត្រី មិនឲ្យជំពាក់លុយ ស្រាប់តែផ្ទុះកំហឹងឡើងយ៉ាងក្រេវក្រោធ ទាញកាំបិតផ្គាក់គំរាមកំហែងទៅលើជនរងគ្រោះ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់។

ប្រភពព័ត៌មាន បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ជនសង័្សយ បានមករកទិញត្រីរបស់ជនរងគ្រោះ តែគាត់មិនឲ្យជំពាក់ ទើបធ្វើឲ្យយុវជនទំនើងម្នាក់នេះ ខឹងសម្បា រហូតចងជាគំនុំ។ លុះមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ជនសង័្សយ បានកាន់កាំបិតផ្គាក់ និង ដែកមុតស្រួច ប្រវែងប្រហែល២តឹក ដើរទៅមុខផ្ទះរបស់ជនរងគ្រោះ ហើយបានជេរប្រមាថ និង យកដុំថ្មគប់មាន់ ថែមទាំងយកកាំបិតផ្គាក់ កាប់ដើមឈើជាប់របងផ្ទះរបស់ជនរងគ្រោះ បណ្ដាលឲ្យគាត់ភ័យខ្លាច។ បន្ទាប់ពីធ្វើសកម្មភាពរួចហើយ ជនសង័្សយ បានគេចខ្លួនបាត់។ ប៉ុន្ដែដោយសារការការភ័យខ្លាចមានគ្រោះថ្នាក់ដល់ខ្លួន និង មិនអាចអត់ទ្រាំនឹងទង្វើរបស់ជនសង័្សយបាន ទើបនៅព្រឹក ថ្ងៃទី៧ ខែមេសា ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីសុំអន្ដរាគមន៍ ពីសមត្ថកិច្ច។

មន្ត្រីនគរបាលស្រុកបសេដ្ឋ បានឱ្យដឹង ថា បន្ទាប់ពីមានពាក្យបណ្ដឹងរបស់ជនរងគ្រោះនោះមក ទើបនៅល្ងាចថ្ងៃដដែលនោះ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង័្សយ ឈ្មោះ សូវ សុខា អាយុ២៣ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិទួល ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះ ឈ្មោះ អន ពេទ្យ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិ-ឃុំជាមួយនឹងជនសង័្សយ។

ជនសង័្សយ បានសារភាព ថា រូបគេពិតជាបានកាន់កាំបិតផ្គាក់ និង ដែកមុតស្រួច យកទៅគំរាមកំហែងជនរងគ្រោះប្រាកដមែន។ ករណីនេះ ក៏ដោយសារតែរូបគេ ខឹងសម្បាជាមួយនឹងជនរងគ្រោះ មិនឱ្យគេជំពាក់លុយថ្លៃទិញត្រី។

មន្រ្ដីនគរបាលដដែល បានបញ្ជាក់ ថា ជនសង័្សយ ឈ្មោះ សូវ សុខា ជាមនុស្សមានចរិតកោងកាច ហើយប្រើប្រាស់គ្រឿងញៀន តែងតែបង្កការអុកឡុក នៅក្នុងមូលដ្ឋាន ជាញឹកញាប់។ ជននេះ ក៏ធ្លាប់ត្រូវបានសមត្ថកិច្ចឲ្យធ្វើកិច្ចសន្យា ចំនួន១លើករួចមកហើយដែរ តែគេពុំរាងចាល។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបាននាំខ្លួនជនសង័្សយ និង វត្ថុតាងកាំបិតផ្គាក់ ទៅកាន់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

ពត័មានពេញនិយម