សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីភាពប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវ «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» នាព្រឹកថ្ងៃទី៩ ខែមេសាឆ្នាំ២០២៥នេះ នៅសណ្ខាគារសុខាភ្នំពេញ។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ តំណាងដៃគូអភិវឌ្ឍ ធុរជនជាតិ និង អន្តរជាតិ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងរំលឹកថា “ថ្លែងក្នុង «ពិធីសំណេះសំណាល និង ពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារ សមាគមឧកញ៉ាកម្ពុជា និង សមាគមអ្នកអភិវឌ្ឍនន៍លំនៅឋាននៅកម្ពុជា» កាលពីថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២៤ និង ក្នុងសេចក្តីថ្លែងការណ៍ពិសេស ស្តីពី «សមិទ្ធផល ១ ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា» កាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំ និង ការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) ឲ្យពិនិត្យ និង រៀបចំ «កម្មវិធីពិសេស» នេះ ដើម្បីសិក្សា និង រៀបចំគោលនយោបាយលើកទឹកចិត្តពិសេស ក្នុងគោលដៅជំរុញវិនិយោគឯកជន ឆ្ពោះ ទៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា “។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តថា” បន្ទាប់ពីទទួលបាននូវអនុសាសន៍ ដ៏ខ្ពង់ខ្ពស់នេះរួចមក ក្រុមការងារអន្តរក្រសួងមួយ ដែលមានសមាសភាពពីក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តទាំងបួន ត្រូវបានបង្កើតឡើង និងបានចាប់ផ្តើមចុះ ធ្វើការសិក្សាពីកត្តាភូមិសាស្ត្រ ប្រជាសាស្ត្រ សង្គមសេដ្ឋកិច្ច និង លក្ខខណ្ឌសំខាន់ ផ្សេងទៀត នៃបណ្តាខេត្តទាំងបួន រួមមាន៖ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី ដើម្បីដាក់ចេញ នូវកម្មវិធីពិសេសជំរុញការវិនិយោគ ឲ្យចំគោលដៅគ្រប់ជ្រុងជ្រោយ និង អាចអនុវត្តបានដោយរលូនស្របតាមបំណងប្រាថ្នារបស់ប្រមុខរាជរដ្ឋាភិបាល “។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា “ការគិតគូររៀបចំ នូវ«កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល» នេះ កើតចេញពីមហិច្ឆតាចង់ជំរុញបង្កើន នូវសកម្មភាពសេដ្ឋកិច្ចដល់បណ្តាខេត្តដែលស្ថិតនៅឆ្ងាយពីមជ្ឈមណ្ឌលកំណើន ក៏ដូចជាដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច តាមតំបន់ និងតាមវិស័យ ។ ការរៀបចំ«កម្មវិធីពិសេស» នេះ រាជរដ្ឋាភិបាលមានគោលបំណងបង្កើនការងារ និង សកម្មភាពធុរកិច្ច ស្របតាមគំរូ នៃការអភិវឌ្ឍសេដ្ឋកិច្ចនៅនឹងកន្លែង និងគំរូនៃ កំណើនសេដ្ឋកិច្ច ដឹកនាំដោយវិស័យឯកជន "។
សូមជម្រាបថា ខេត្តទាំងបួននៅភូមិភាគឦសាន ជាខេត្តមានកត្តាអំណោយផលដល់វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និង ទេសចរណ៍ ។ ដំណាំកសិកម្ម និង កសិ-ឧស្សាហកម្ម ក្នុងខេត្តទាំងបួន រួមមាន៖ កៅស៊ូ, ស្វាយចន្ទី, ដំឡូងមី, ម្រេច និង ចេកអំបូងលឿង ជាដើម, សុទ្ធសឹងជាកសិផលយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពល, ទាំងសម្រាប់ទីផ្សារខាងក្រៅ និង ទីផ្សារក្នុងស្រុក ៕