ខេត្តសៀមរាប៖ សមត្ថកិច្ចខេត្តសៀមរាប បានសហការគ្នាបង្ក្រាបនូវការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូ និង អំពូលភ្លើងហ្វាខុសលក្ខណៈបច្ចេកទេស ហើយបានយកមកកិនកម្ទេចចោល កាលពីព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹង ថា កាលពីពេលកន្លងទៅនេះ សមត្ថកិច្ចបានបង្ក្រាបទៅលើម៉ូតូបំពាក់បំពង់ស៊ីម៉ាំងកែច្នៃ និង អំពូលភ្លើងកែច្នៃខុសលក្ខណៈបច្ចេកទេសនៅទូទាំងខេត្តសៀមរាប។ បន្ទាប់មក សមត្ថកិច្ចបានប្រមូលបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេសចំនួន៣០០ មកពីតាមបណ្ដាក្រុង-ស្រុកទាំងអស់របស់ខេត្តសៀមរាប យកមកកម្ទេចចោល។
លោកឧត្តមសេនីយ៍ស្នងការ បានបន្ថែម ថា ការបង្ក្រាបនេះ ភាគច្រើន គឺសមត្ថកិច្ចទទួលបានបណ្ដឹង ឬព័ត៌មានពីប្រជាពលរដ្ឋ ខណៈក្មេងទំនើងទាំងនោះ បានជិះម៉ូតូបំពងសំឡេង បង្កការរំខាន ប៉ះពាល់ដំណេកនាពេលយប់របស់ពួកគាត់។ ទន្ទឹមគ្នានេះ សមត្ថកិច្ចទាំងអស់ ត្រូវតែគិតគូរអំពីបញ្ហាទាំងនេះ ព្រោះខេត្តសៀមរាប ជាខេត្តប៉ូលទេសចរណ៍ វប្បធម៌ និង ជាខេត្តគំរូ ត្រូវធ្វើយ៉ាងណាឱ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ។
រហូតមកដល់ពេលនេះ សមត្ថកិច្ចខេត្តសៀមរាប នៅតែបន្ដបង្ក្រាបទៅលើអ្នកជិះម៉ូតូបំពាក់បំពង់ស៊ីម៉ាំងកែច្នៃខុសលក្ខណៈបច្ចេកទេស។ ប្រសិនបើករណីប្រព្រឹត្ដខុសលើកទី១ គឺសមត្ថកិច្ចត្រូវតែដកហូតម៉ូតូ យកមករក្សាទុករយៈពេល៣ខែ និង ប្រព្រឹត្ដខុសលើកទី២ នឹងហូតម៉ូតូទុក រយៈពេល៦ខែ។
បើតាមលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាល បានឲ្យដឹងទៀត ថា ក្រៅតែពីការបង្ក្រាបនូវការប្រើប្រាស់ស៊ីម៉ាំកែច្នៃលក្ខណៈខុសបច្ចេកទេសនោះ សមត្ថកិច្ចនគរបាលក៏បានអប់រំ ណែនាំទៅដល់អ្នកលក់ ឬ អ្នកកែច្នៃ ឲ្យបញ្ឈប់សកម្មភាពរបស់ពួកគេ ហើយកុំឱ្យមានការលក់ដូរ ឬកែច្នៃខុសលក្ចណៈបច្ចេកទេសតទៅទៀត។ ជាមួយគ្នានេះដែរ លោកស្នងការ បានក្រើនរម្លឹកដល់យុវជនក្មេងៗ ត្រូវតែខិតខំរៀនសូត្រ កុំធ្វើរឿងអ្វីនាំឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ព្រោះវាខុសច្បាប់ ហើយអាចមានទោស និង ខូចអនាគតរបស់ខ្លួន៕