ខេត្តមណ្ឌលគិរី៖ ព្រានព្រៃចំនួន២នាក់ បានបាញ់ប្រហារទៅលើក្រុមមន្រ្ដីថែរក្សាព្រៃឈើ និង សត្វព្រៃ កាលពីវេលាម៉ោង៧ និង ៥០នាទីព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅក្នុងភូមិកោះម្យើល ឃុំណងឃីឡឹក ស្រុកកោះញ៉ែក ខេត្តរតនគិរី ហើយឥឡូវ សមត្ថកិច្ចកំពុងតែធ្វើការងារតាមជំនាញរបស់ខ្លួន ដើម្បីស្រាវជ្រាវតាមឃាត់ខ្លួនជនដៃដល់ នាំមកចាត់ការតាមច្បាប់។
បើតាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចខេត្តរតនគិរី បានឲ្យដឹង ថា កាលពីព្រឹក ថ្ងៃកើតហេតុ ក្រុមមន្ត្រីឧទ្យានានុរក្សចំនួន៥នាក់ បំពាក់ដោយអាវុធ CKC ចំនួន៥ដើម និងមន្ត្រីសត្តានុរក្សចំនួន២នាក់ មកពីការិយាល័យដែនជម្រកសត្វព្រៃស្រែពកណាមលៀរ-ស្រែពក បានសហការគ្នាចេញល្បាត ដើម្បីបំពេញការងាររបស់ខ្លួន។ លុះពេលក្រុមមន្រ្ដីទាំងនេះ បានល្បាតទៅដល់ចំណុចផ្លូវត្រពាំងកក់ ស្ថិតក្នុងភូមិកោះម្យើលលើ ឃុំណងឃីឡឹក ស្រុកកោះញ៉ែក ក៏បានជួបនឹងជនសង័្សយចំនួន២នាក់ ប្រដាប់ដោយអាវុធ ម៉ាក AK ស្វ័យបត់១ដើម កំពុងតែជិះម៉ូតូចំនួន១គ្រឿង។ ភ្លាមៗនោះ ក្រុមមន្ត្រីឧទ្យានានុរក្ស បានស្រែកហៅឲ្យជនសង័្សយឈប់ម៉ូតូ ដើម្បីសួរនាំ ស្រាប់តែពួកគេ បានបាញ់ប្រហារមកលើក្រុមមន្ត្រីទាំងនោះ ជាច្រើនគ្រាប់។ ប៉ុន្ដែសំណាងល្អ ក្រុមមន្ត្រីទាំងនោះ មិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់ នៅក្នុងហេតុការណ៍បំផ្ទុះអាវុធនេះទេ។
ប្រភពដដែល បានបន្ដ ថា បន្ទាប់ពីការបំផ្ទុះអាវុធរួចហើយ ជនសង័្សយក៏បានគេចខ្លួនបាត់ ហើយមន្ត្រីឧទ្យានានុរក្ស ក៏បានវិលត្រឡប់ទៅកាន់ស្នាក់ការរបស់ខ្លួនវិញ ប្រកបដោយសុវត្ថិភាព។
ក្រុមមន្រ្ដីឧទ្យានានុរក្សទាំងនោះ បានឲ្យដឹង ថា ករណីបំផ្ទុះអាវុធ និងការភ្ជង់គំរាមកំហែងរបស់ជនសង័្សយ នាពេលនេះ គឺជាលើកទី៣ហើយ។ បច្ចុប្បន្នក្រុមមន្ត្រីទាំងនេះ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុវត្ថិភាពរបស់ខ្លួន នៅក្នុងការចេញល្បាតម្តងៗ។
ជាមួយគ្នានេះដែរ ក្រុមមន្រ្ដីថែរក្សាព្រៃឈើ និង សត្វព្រៃ បានស្នើសុំសហការជាមួយកងកម្លាំងសមត្ថកិច្ច ដើម្បីបង្រ្កាបលើក្រុមជនសង័្សយ ដើរបរបាញ់សត្វព្រៃ ដែលបានប្រើប្រាស់អាវុធ បាញ់ប្រហារមកលើក្រុមមន្ត្រីជំនាញការពារព្រៃឈើ និង សត្វព្រៃ។
ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ គណៈបញ្ជាការខេត្តរតនគិរី និង ស្រុកកោះញ៉ែក កំពុងតែសហការគ្នា ស៊ើបអង្កេត និង ស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ទាំងនេះ ដើម្បីនាំមកចាត់ការតាមច្បាប់៕