រាជធានីភ្នំពេញ៖ ហ្វូងក្មេងស្ទាវ ជាច្រើននាក់ បានពពាក់ពពូនគ្នា លេងប៉ាតម្សៅ ច្រកទឹកដាក់ថង់ ឬប៉េងប៉ោង គប់គ្នាប្រសេចប្រសាចពេញផ្លូវសាធារណៈ បង្កការរំខានដល់អ្នកដំណើរ ទើបសមត្ថកិច្ចចុះទៅបង្ក្រាប និង ឃាត់ខ្លួន ចំនួន៤នាក់ កាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅម្ដុំផ្សារកណ្ដាល តាមផ្លូវលេខ១៣០ កែងនឹងផ្លូវលេខ១៣៦ ស្ថិតក្នុងភូមិសាស្រ្ដសង្កាត់ផ្សារកណ្ដាលទី១ និង ផ្សារកណ្ដាលទី២ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
មន្រ្ដីនគរបាលខណ្ឌដូនពេញ បានឲ្យដឹង ថា បន្ទាប់ពីទទួលបានដំណឹង អំពីករណីក្មេងស្ទាវជាច្រើននាក់ បានពពាក់ពពូនគ្នាលេងប៉ាតម្សៅ និង គប់ទឹកយ៉ាងអនាធិបតេយ្យនោះមក កម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌចំការមន បានចុះទៅឃាត់ខ្លួនក្មេងៗចំនួន៤នាក់ និង ម៉ូតូចំនួន២គ្រឿង។ បន្ទាប់មក សមត្ថកិច្ចបាននាំទៅអប់រំ និង ណែនាំឲ្យបញ្ឈប់សកម្មភាពលេងគប់ទឹកខុសទំនងបែបនេះ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់អ្នកដទៃ និង អាចបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុផងដែរ។
បើតាមទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹង ថា កាលពីរសៀល ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានផ្ដល់កិច្ចសម្ភាសន៍ ជាមួយនឹងសារព័ត៌មានក្នុងស្រុក ស្តីពីផែនការកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និង ប្រជាពលរដ្ឋទូទៅ អញ្ជើញមកលេងកម្សាន្តសប្បាយរីករាយ នៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាឆ្នាំ២០២៥ រយៈពេល៣ថ្ងៃនិង ជាពិសេសមកលេងកម្សាន្តសង្រ្កាន្តវត្តភ្នំ និង តំបន់ថ្មើរជើង (walk street) ដោយឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងរៀបចំពិធីសង្រ្កាន្តវត្តភ្នំឲ្យមានភាពអធិកធមសប្បាយរីករាយជាងឆ្នាំមុន។ ការពង្រីកវិសាលភាពឲ្យកាន់តែទូលំទូលាយ អាចនឹងនាំមកនូវលំហូរ សម្រាប់អ្នកមកលេងកម្សាន្ត ចេញចូលមានភាពងាយស្រួល ដើម្បីកាត់បន្ថការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់កម្លាំងសមត្ថកិច្ច ជាង២ពាន់នាក់ បំពាក់ដោយមធ្យោបាយ សម្ភារគ្រប់គ្រាន់ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើយ៉ាងណាធានាឲ្យបានសុខសុវត្ថិភាព ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និង ប្រជាពលរដ្ឋទូទៅ៕