រាជធានីភ្នំពេញ៖ ស្របពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតចូលមកដល់ នាពេលដ៏ខ្លីខាងមុខនេះ លោកស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស យុវជនប្រុស-ស្រី សូមកុំយកផ្លូវសាធារណៈ មកធ្វើជាទីលានគប់ ឬជះទឹក និង ប៉ាតម្សៅ។
លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ ថា៖«យើងលេងល្បែងប្រជាប្រិយ ដើម្បីសប្បាយរីករាយទាំងអស់គ្នា។ អ៊ីចឹងយើងត្រូវមានការអត់ឱនឲ្យគ្នា ហើយការលេងប៉ាតម្សៅ ត្រូវចេះប្រើប្រាស់ភាសាទន់ភ្លន់ នៅក្នុងនាមជាកូនខ្មែរ គឺលើកដៃសំពះគ្នា ដោយក្ដីគោរពគ្នាទៅវិញទៅមក ជាមួយនឹងវាចាសុភាពរាបសារ សុំលេង ឬ ប៉ាតម្សៅ។ ប៉ុន្ដែធ្វើអ្វីឲ្យលើសពីហ្នឹង សូមកុំឲ្យលើសពីនេះ រហូតប៉ះពាល់ដល់កិត្ដិយស ឬ សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ។ ផ្ទុយទៅវិញ ប្រសិនបើមានករណីហិង្សាកើតឡើង នោះនឹងក្លាយជាបទល្មើសហិង្សា ដោយចេតនាហើយ។ ដូច្នេះវាមានការជាប់ពាក់ព័ន្ធនឹងការអនុវត្ដច្បាប់របស់សមត្ថកិច្ច។
លោកស្នងការនគរបាលរាជធានីភ្នំពេញ បានបន្ថែម ថា៖«យើងខ្ញុំជាសមត្ថកិច្ច មានកាតព្វកិច្ច ការពារសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ ហើយត្រូវតែរកយុត្ដិធម៌ជូនជនរងគ្រោះ និង អនុវត្ដទោសទណ្ឌទៅលើជនសង័្សយណា បង្កហិង្សា។ ជាការពិតណាស់ ប្រពៃណីគ្នារបស់យើង គឺគ្មានអំពើហិង្សា នៅក្នុងពិធីបុណ្យទាននោះឡើយ ហើយយើងមានតែការសប្បាយរីករាយជាមួយគ្នា។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់យុវជន យុវនារី និង ពលរដ្ឋ សូមលេងកម្សាន្តដោយសប្បាយតាមសង្ក្រាន្តនានា ដោយសេចក្តីថ្លៃថ្នូរ និង គោរពគ្នាទៅវិញទៅមក ចៀសវាងឱ្យឆ្ងាយ ពីការលេងសប្បាយជ្រុលហួសហេតុ រហូតឈានដល់ការប៉ះពាល់ ឬបំពានដល់សិទ្ធិរបស់អ្នកដទៃ ឬឈានដល់ការបង្កើតហិង្សា។ បើក្នុងករណីនេះ សមត្ថកិច្ច នឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន ដោយមិនលើកលែងនោះឡើយ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹង ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងខិតចូលមកដល់ នាពេលដ៏ខ្លីខាងមុខនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់កម្លាំងសមត្ថកិច្ចជាង២ពាន់នាក់ សម្រាប់ការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ទន្ទឹមគ្នានេះដែរ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈ ធ្វើជាទីលានលេងគប់ទឹក ឬជះទឹក និង ប៉ាតម្សៅខុសរបៀប ឬ នាំគ្នាជិះម៉ូតូស្រែកឡូឡានោះឡើយ។ ផ្ទុយទៅវិញ ប្រសិនបើមិនធ្វើតាមការណែនាំ សមត្ថកិច្ចនឹងចុះឃាត់ នាំមកកាន់ស្នាក់ការប៉ុស្ដិ៍ នៅតាមមូលដ្ឋាននីមួយៗ។ ការលេងគប់ទឹក ជះទឹក ឬប៉ាតម្សៅខុសទំនង នៅតាមដងផ្លូវសាធារណៈ អាចបង្កប៉ះពាល់ខ្ពស់ដល់លំហូរចរាចរណ៍ ប៉ះពាល់ពលរដ្ឋអ្នកដំណើរដែលបើកឆ្លងកាត់ និងអាចប្រឈមគ្រោះថ្នាក់នានាជាយថាហេតុផងដែរ៕