ខេត្តកំពង់ចាម៖ មនុស្សជាតិ នៅលើពិភពលោកនេះ តែងតែមានបុណ្យចូលឆ្នាំថ្មី តាមប្រពៃណីជាតិរៀងៗខ្លួនរបស់ពួកគេ តែសម្រាប់ប្រជាជាតិខ្មែរ វិញ មិនថា អ្នករស់នៅក្នុងប្រទេស ឬក្រៅប្រទេសនោះទេ នឹងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្លួន សម្រាប់ឆ្នាំនេះ ចាប់ពីថ្ងៃចន្ទ ២រោច ដល់ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ ត្រូវនឹងថ្ងៃទី១៤ ដល់១៦ ខែមេសា ពុទ្ធសករាជ ២៥៦៨ គ.ស២០២៥ ហើយសម្រាប់ខេត្តកំពង់ចាម វិញ អាជ្ញាធរ បានរៀបចំពិធីមួយនេះផ្សេង ពីខេត្តនានា ដោយយកលៀសហាល ចំនួន៣តោន មកធ្វើជាសង្ក្រាន្ដឆ្នាំថ្មី។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសរសេរសារ និង បង្ហោះរូបភាព នៅលើគណនីបណ្ដាញសង្គមផ្ទាល់ខ្លួន កាលពីថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ថា រដ្ឋបាលខេត្តកំពង់ចាម សម្រេចបង្កើតព្រឹត្តិការណ៍ ដាក់បង្ហាញលៀសហាលកំពង់ចាម ប្រវែង ១ ០០០ម៉ែត្រ ដោយមានលៀស ទម្ងន់៣តោន ចាប់តាំងពីមុខសាលាខេត្តកំពង់ចាម រហូតដល់វេទិកាអុំទូកមាត់ទន្លេរបស់ក្រុងកំពង់ចាម។ សូមអញ្ជើញបង ប្អូន ពូ មីង បរិភោគដោយសេរី នៅថ្ងៃទី១៥ ខែមេសា ដែលជាថ្ងៃទី២ នៃសង្ក្រាន្តកំពង់ចាម ចាប់ផ្តើមពីវេលាម៉ោង២ និង ៣០នាទីរសៀលតទៅ។
លោកអភិបាលខេត្តកំពង់ចាម បានសរសេរបន្ដ ថា សូមបញ្ជាក់អត្ថន័យលេខ ១០០០ (លៀសហាល ១០០០ម៉ែត្រ) នេះ ដូចខាងក្រោម៖
-អត្ថន័យនៅក្នុងអក្សរសាស្រ្ត៖
១.លេខ៖ ១ ០០០ ជាភាសាបាលី និង សំស្រ្កឹត មានន័យ ថា«សហស្ស»។
២.សហស្សគុណ = មានគុណភាពច្រើន។ ឧទាហរណ៍៖ ថ្នាំសហស្សគុណ= ថ្នាំតែមួយមុខ តែអាចព្យាបាលរោគ បានច្រើនមុខ។
៣.សហស្សនេត្រ (ព្រះឥន្រ្ទ) មានព្រះនេត្រ អាចមើលឃើញទីកំបាំងយ៉ាងច្រើនបានភ្លាមៗ។
-អត្ថន័យ នៅក្នុងវប្បធម៌ ប្រពៃណី និងជីវភាពប្រចាំថ្ងៃ៖
១.គាថាពាន់ (គាថាបាលីសុទ្ធ ចំនួន ១ ០០០គាថា) មាននៅក្នុងរឿងព្រះវេស្សន្តរ មានចំនួន ១៣កណ្ឌ។
២.លៀសហាល ជាអាហារមួយប្រភេទ ដែលគេយកលៀសស្រស់ មកផ្សំជាមួយគ្រឿងផ្សំ ហើយយកទៅហាលជាមួយនឹងពន្លឺថ្ងៃ ដើម្បីឲ្យឆ្អិន អាចបរិភោគបាន (សហស្សរង្សី ពន្លឺព្រះអាទិត្យ ឬពន្លឺថ្ងៃ) ពាក្យថា សហស្សរង្សី ក៏ជាប់ជាមួយនឹងលេខ ១ ០០០ ដែរ។
-អត្ថន័យនៅក្នុងការដឹកនាំ ៖
១.មានការចូលរួមយ៉ាងច្រើនលើសលុប។
២.សាមគ្គីភាព និងឯកភាពគ្នា។ ការដាក់បង្ហាញលៀសហាល ទម្រង់ជាចំណងខ្សែជាប់គ្នា ចេញពីចុងខ្សែ២ ចងភ្ជាប់ជាចំណងតែមួយ ដែលខ្សែទី១ជាចំណងឯកភាព និង ខ្សែទី២ ជាចំណងសាមគ្គីភាព នាំមកនូវភាពសម្បូណ៌ សប្បាយ រីកចម្រើនរុងរឿង រាប់ពាន់ឆ្នាំ…៕