ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានផ្ញើសារលិខិតទៅកាន់ឯកឧត្ដម ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ពាក់ព័ន្ធនឹងការដំឡើងពន្ធ។
ក្នុងសារលិខិតរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី សម្ដេចបានរំលេចថា ជាការឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់ឯកឧត្ដមកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ដោយការដំឡើងពន្ធ ៤៩ ភាគរយលើផលិ តផលរបស់កម្ពុជាចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ តទៅ។ ករណីនេះកម្ពុជាស្នើសុំឱ្យមានការចរចាជាមួយរដ្ឋបាលរបស់ឯកឧត្ដម និងស្នើសុំឱ្យរដ្ឋាភិបាលជាទីគោរពរបស់ឯកឧត្ដមពិចារណាពន្យារពេលការអនុវត្តពន្ធដូចបានរៀបរាប់នេះ។
សម្ដេចធិបតីបន្ថែមថា ការអនុវត្តដែលមានស្រាប់នៃអត្រាពន្ធរបស់កម្ពុជាលើទំនិញនាំពីអាម៉េរិកចូលកម្ពុជាខ្ពស់បំផុតត្រឹម ៣៥ ភាគរយ។ ដើម្បីបង្ហាញនូវជំនឿទុកចិត្តដ៏ល្អរបស់យើង និងក្នុងស្មារតីនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង, កម្ពុជាលើកទឹកចិត្តដល់ការនាំចូលផលិតផលដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក មកកម្ពុជាជាមួយនឹងការកាត់បន្ថយជាបន្ទាន់នូវប្រភេទផលិតផលចំនួន ១៩ មុខពីអត្រាពន្ធអតិបរមារបស់យើង ៣៥ ភាគរយមកនៅត្រឹម ៥ ភាគរយនៃអត្រាពន្ធអនុវត្ត។ ក្នុងន័យនេះ ខ្ញុំក៏បានប្រគល់ភារកិច្ចឱ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ខ្ញុំ ទាក់ទងទៅតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដើម្បីធ្វើការងារនេះ។
សម្ដេចធិបតីបញ្ជាក់បន្ថែមថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការចូលរួមក្នុងកិច្ចសន្ទនាប្រ កបដោយការស្ថាបនា និងប្រកបដោយផលិតភាពជាមួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដើម្បីធ្វើយ៉ាងណាឱ្យពាណិជ្ជកម្មទ្វេភាគីរបស់យើងកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីឱ្យប្រជាជាតិ និងប្រជាជនទាំងពីរទទួលបានអត្ថប្រយោជន៍ជាក់ស្តែងពីទំនាក់ទំនងពាណិជ្ជកម្មសំខាន់ៗទាំងនេះ៕