បង្ក្រាបក្មេងទំនើងជាច្រើននាក់ ចូលចិត្តបង្កហិង្សា

09-មេសា-2025 - ម៉ោង 09:26:AM

រាជធានីភ្នំពេញ៖ ក្រុមក្មេងពាលជាច្រើននាក់ បានវាយកាប់ចាក់គ្នា បង្កអសន្ដិសុខ និង ការភ័យខ្លាចដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានសមត្ថកិច្ច ចេញប្រតិបត្ដិការ ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធនឹងអំពើហិង្សានេះ ចំនួន៥នាក់ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្រ្ដខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មន្រ្ដីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹង ថា កាលពីវេលាម៉ោង៨ និង ១៥នាទីព្រឹក ថ្ងៃទី៨ ខែមេសា មានករណីក្មេងទំនើង បានបង្កនូវអំពើហិង្សា នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ហើយត្រូវបានគេថតយកទៅបង្ហោះ នៅតាមបណ្ដាញសង្គម។ បន្ទាប់ពីមានសកម្មភាពហិង្សាបែបនេះ សមត្ថកិច្ច បានស្រាវជ្រាវ រហូតឈានដល់ការកំណត់អត្ដសញ្ញាណរបស់ក្មេងទំនើងទាំងនោះ និង ឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធ ចំនួន៥នាក់។

ក្រោយពេលបង្ក្រាបរួចហើយ សមត្ថកិច្ចបានបញ្ជូនក្មេងទំនើងទាំង៥នាក់់ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និង កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕

ពត័មានពេញនិយម