ភ្លើងឆេះក្បែររោងបុណ្យសព ​កូនចៅភ័យស្លន់ស្លោ សែងមឈូសចេញក្រៅ

4 ម៉ោងមុន

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋមួយក្រុម កំពុងតែរៀបចំពិធីបុណ្យសពរបស់លោកតាម្នាក់ មានវ័យ៩២ឆ្នាំ ស្រាប់តែភ្លើងឆាបឆេះឡើង ធ្វើឲ្យមនុស្សម្នា ភ័យស្លន់ស្លោ នាំគ្នាសែងមឈូសចេញក្រៅ កាលពីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានលោកតាវ័យ៩២ឆ្នាំម្នាក់ បានទទួលមរណភាព ហើយក្រុមគ្រួសារ កូន ចៅ និង សាច់ញាតិ បានតម្កល់សពរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយមានរយៈពេល២ថ្ងៃ និង បានកំណត់ពេលបូជាសព នៅថ្ងៃទី២២ ខែមករា។ លុះមកដល់វេលាកើតហេតុ ស្របពេលមានភ្ញៀវកំពុងតែចូលរួមនៅក្នុងពិធីនេះ ស្រាប់តែមានផ្សែងហុយ ចេញពីបន្ទប់ជួលនៅក្បែរខាង ហើយភ្លើងបានឆេះរាលដាលដល់ផ្ទះបុណ្យ បង្កឲ្យមានការភ័យស្លន់ស្លោ ដល់ក្រុមគ្រួសារ កូន ចៅរបស់សព នាំគ្នាសែងមឈូស ចេញមកខាងក្រៅ និង រាយការណ៍ទៅសុំអន្ដរាគមន៍ ពីសមត្ថកិច្ច។

មន្រ្ដីការិយាល័យបង្ការ និងពន្លត់អគ្គភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹង ថា បន្ទាប់ពីទទួលបានព័ត៌មានអំពីគ្រោះអគ្គិភ័យបែបនេះ សមត្ថកិច្ចបានបើករថយន្ដពន្លត់អគ្គិភ័យ ចេញទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ និង ទប់ស្កាត់ការពារ នៅទីតាំងកើតហេតុ ដើម្បីកុំឲ្យភ្លើងឆាបឆេះរាលដាលដល់ផ្ទះរបស់ពលរដ្ឋផ្សេងៗទៀត។ គ្រោះអគ្គិភ័យនេះ បានបង្កឡើង ដោយសារការឆ្លងចរន្ដអគ្គិសនី ប៉ុន្ដែវាមិនបានបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស និង ខូចខាតអ្វីធំដុំនោះឡើយ៕

ពត័មានពេញនិយម