រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែង ជាប្រធានាធិបតីទី៤៧របស់ប្រទេសមហាអំណាចកំពូលរបស់ពិភពលោក ទាំងសេដ្ឋកិច្ច និង យោធា នៅក្នុងអាណត្ដិទី២របស់គាត់ កាលពីថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ ហើយលោកប្រធានាធិបតី បានចេញបញ្ជាប្រតិបត្ដិរឹតបន្ដឹងជាច្រើនករណី ក្រោយការកាន់តំណែងភ្លាម។
ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២២ ខែមករា ថា លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកលែងទោស ដល់ក្រុមអ្នកគាំទ្ររបស់គាត់ ប្រហែល ១ ៥០០នាក់ ជាប់ពាក់ព័ន្ធនឹងការវាយប្រហារទៅលើវិមានកាពីតូល (Capitol) នៃសភារបស់សហរដ្ឋអាមេរិក កាលពី៤ឆ្នាំមុន ខណៈគាត់បានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស សម្រាប់ដាក់ឆន្ទៈរបស់គាត់ ទៅលើរដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីគាត់បានឡើងកាន់តំណែងជាប្រធានាធិបតីម្ដងទៀត កាលពីថ្ងៃចន្ទ ទី២០ ខែមករា។
ក្រោយពេលពិធីស្បថចូលកាន់តំណែង បានរយៈពេល១ថ្ងៃ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសកម្មភាពប្រតិបត្តិជាបន្តបន្ទាប់ សម្រាប់ទប់ស្កាត់នូវការធ្វើអន្តោប្រវេសន៍ និង លុបចោលបទប្បញ្ញត្តិបរិស្ថាន និង គំនិតផ្តួចផ្តើមចម្រុះជាតិសាសន៍ និង យេនឌ័រ។ បើទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី ត្រាំ មិនបានចាត់វិធានការភ្លាមៗ ទៅលើការដំឡើងពន្ធ តាមអ្វីដែលគាត់បានសន្យា នៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីនោះឡើយ ប៉ុន្ដែលោកប្រធានាធិបតី បានអះអាង ថា គាត់អាចនឹងដំឡើងពន្ធចំនួន២៥ភាគរយ លើទំនិញរបស់ប្រទេសកាណាដា និង ម៉ិកស៊ិក នាំចូលមកកាន់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១ ខែកុម្ភៈតទៅ។
ការសម្រេចចិត្តរបស់លោកប្រធានាធិបតី ត្រាំ នៅក្នុងការលើកលែងទោសដល់ក្រុមអ្នកគាំទ្រដែលបានវាយប្រហារទៅលើវិមានកាពីតូល នៃសភារបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ជាប្រាកដណាស់ ថា នឹងធ្វើឱ្យប៉ូលិស សមាជិកសភា និង អ្នកពាក់ព័ន្ធផ្សេងៗទៀត ដែលជីវិតរបស់ពួកគេ ត្រូវប្រឈមនឹងហានិភ័យ នាអំឡុងពេលមិនធ្លាប់មានពីមុនមក នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់អាមេរិកាំង។ ប៉ូលិស ប្រហែល១៤០នាក់ បានរងនូវអំពីហិង្សា នៅក្នុងអំឡុងពេលវាយប្រហារ ទៅលើវិមានសភារបស់សហរដ្ឋអាមេរិក ដោយខ្លះបានរងការបាញ់ថ្នាំ ដោយសារធាតុគីមី និង ខ្លះទៀតបានវាយប្រហារដំ ដោយបំពង់ បង្គោល និង អាវុធផ្សេងៗទៀត។ មនុស្សចំនួននាក់ បានស្លាប់ នៅក្នុងអំឡុងចលាចល ដោយក្នុងនោះមានអ្នកគាំទ្រម្នាក់របស់លោក ដូណាល់ ត្រាំ ដោយសារប៉ូលិសបាញ់សម្លាប់។
លោក ដូណាល់ ត្រាំ វ័យ៧៨ឆ្នាំ កាលពីព្រឹក ថ្ងៃចន្ទ ទី២០ ខែមករា បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក នៅក្នុងវិមានកាពីតូល ជាកន្លែងដែលហ្វូងអ្នកគាំទ្ររបស់គាត់ បានផ្ទុះអំពើហិង្សា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅក្នុងការប៉ុនប៉ងមិនជោគជ័យ ដើម្បីផ្លាស់ប្តូរលទ្ធផលបោះឆ្នោត នាឆ្នាំ២០២០របស់គាត់ ក្រោយការចាញ់លោក ចូ បៃដិន (Joe Biden) បេក្ខជនប្រធានាធិបតី មកពីគណបក្សប្រជាធិតេយ្យ។
នៅក្នុងអំឡុងស្បថចូលកាន់តំណែង ជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក នោះ លោក ដូណាល់ ត្រាំ បានប្ដេជ្ញា ថា គាត់នឹងបង្កើតយុគសម័យមាស សម្រាប់សហរដ្ឋអាមេរិក។ បន្ថែមពីលើនេះ លោកប្រធានាធិបតី បានបញ្ជាក់ ថា នៅក្នុងរដ្ឋការរបស់គាត់ គឺទទួលស្គាល់ភេទតែ២ប៉ុណ្ណោះ គឺ«បុរស និង ស្រ្ដី»។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបណ្តេញមន្ត្រីរដ្ឋបាលមុន ជាង១០០០នាក់ នៅថ្ងៃទី១ នៃការឡើងកាន់តំណែងរបស់គាត់ ហើយបានចេញបទបញ្ជាឲ្យផ្អាកជំនួយទៅកាន់បរទេស រយៈពេល៩០ថ្ងៃ ដោយរង់ចាំការត្រួតពិនិត្យជាមុនសិន។ បន្ថែមពីលើនេះ លោកប្រធានាធិបតី បានចេញបទបញ្ជាឲ្យក្រសួងការបរទេស តាមដានប្រវត្តិរូបរបស់អ្នកស្នើសុំ មកកាន់សហរដ្ឋអាមេរិក ឲ្យបានហ្មត់ចត់បំផុត ហើយបានចេញបទបញ្ជាប្រធានាធិបតី បញ្ចប់កូនរបស់ជនបរទេសដែលកើត នៅលើទឹកដីរបស់សហរដ្ឋអាមេរិក ទទួលបានសញ្ជាតិ ដោយស្វ័យប្រវត្តិ៕