រាជធានីភ្នំពេញ៖ ស្រ្ដីម្នាក់បានបើករថយន្ដ បោះពួយយ៉ាងលឿន ជ្រុលចង្កូតទៅបុកម៉ូតូយ៉ាងពេញទំហឹង ប៉ើងទៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យបុរសម្នាក់បាត់បង់អាយុជីវិតយ៉ាងអាណោចអាធ័មមួយរំពេច កាលពីវេលាម៉ោង១១ និង ៣៥នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ មានស្រ្ដីម្នាក់ បានបើករថយន្ត ម៉ាកហាយឡែនដឺរ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-7137យ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ១ នៅក្នុងទិសដៅពីកើតទៅលិច បញ្ច្រាសទិសគ្នា ជាមួយនឹងបុរសម្នាក់ជិះម៉ូតូ ម៉ាកហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DB-4329 តែម្នាក់ឯង នៅក្នុងល្បឿនមធ្យម។ លុះពេលរថយន្ដបានបើកមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកម៉ូតូយ៉ាងពេញទំហឹង ប៉ើងទៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់យ៉ាងអាណោចអាធ័មមួយរំពេច។ រីឯរថយន្ដបានបែកកង់ខាងស្តាំ បើកទៅមុខលែងរួច ខណៈម៉ូតូបានខូចខាតយ៉ាងដំណំ។ ឃើញហេតុការណ៍បែបនេះ ប្រជាពលរដ្ឋបាននាំគ្នាចាប់អ្នកបើករថយន្ត ប្រគល់ជូនសមត្ថកិច្ច នាំទៅកាន់ប៉ុស្តិ៍នគរបាលសង្កាត់ក្បាលកោះ។
ជនរងគ្រោះ ឈ្មោះ វៃ អូន អាយុ៥២ឆ្នាំ មុខរបរអ្នកបើកបរ និង មានស្រុកកំណើត នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និង វាស់វែង រួចហើយបានដកហូតយានយន្ដពាក់ព័ន្ធ និង នាំខ្លួនអ្នកបើកបររថយន្ដ ទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពរបស់ជនរងគ្រោះ ជូនទៅក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ក្រោមការយំសោកស្ដាយពីសាច់ញាតិ៕