(ភ្នំពេញ)៖ មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញចំនួន២០រូប ត្រូវបានប្រកាសតែងតាំង និងប្រគល់ភារកិច្ច ដើម្បីបំពេញការងារក្នុងការអភិវឌ្ឍរាជធានីភ្នំពេញ ឲ្យរីកចម្រើនបន្ថែមទៀត ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
មន្ត្រីរាជការដែលត្រូវតែងតាំងទាំង២០រូបនេះ មានដូចជា៖ លោកស្រី ដោ សម្ផស្ស នាយិកាទីចាត់ការរដ្ឋបាល, លោកស្រី មួក យុវល័ក្ខ នាយិកាអង្គភាពច្រកចេញចូលតែមួយ ឲ្យកាន់មុខតំណែងជា នាយិការងរដ្ឋបាល សាលារាជធានីភ្នំពេញ, លោក ព្រំ ថា ឲ្យកាន់មុខតំណែងជានាយកទីចាត់ការរដ្ឋបាល, លោក សេង បញ្ញា ឲ្យកាន់មុខតំណែងជានាយកទីចាត់ការផែនការ និងវិនិយោគ, លោកស្រី ឈុន បូរ៉ាវី ឲ្យកាន់មុខតំណែងជា នាយិកាទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោក ឡាយ អ៊េវិន ឲ្យកាន់មុខតំណែងជាប្រធានអង្គភាពច្រកចេញចូលតែមួយ, ជាមួយការតែងតាំងជាអនុប្រធានការិយាល័យ និងអនុប្រធានអង្គភាពច្រកមួយចំនួនទៀត។
ការប្រកាសតែងតាំង និងប្រគល់ភារកិច្ចនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោមវត្តមានឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងលោក កើត ឆែអភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រៅពីការកោតសរសើរ ចំពោះអាជ្ញាធរ និងកងកម្លាំងមានសត្ថកិច្ច ក្នុងការបំពេញការងារលើការអភិវឌ្ឍ និងធ្វើឲ្យភូមិ-សង្កាត់មានសុវត្ថិភាពហើយ ក៏បានស្នើឲ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច បន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អបន្ថែមទៀត ពិសេសការថែរក្សាឲ្យបាននូវសន្តិសុខសុវត្ថិភាពជូនពលរដ្ឋដែលមកលេងកម្សាន្ដ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ។
ឯកឧត្តម កើត ឆែ បានលើកឡើងថា ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ពិតជាបានលើកទឹកចិត្តដល់រដ្ឋបាលរាជធានីភ្នំពេញ បន្តការខិតខំបំពេញការងារអោយកាន់តែល្អបន្ថែមទៀត។ ចំពោះការស្នើរបស់ក្រុមប្រឹក្សារាជធានីឲ្យបន្តថែរក្សាសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋមកលេងកម្សាន្ដក្នុងព្រះរាជពិធីបុណ្យអុំទូក គឺរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់អស់ហើយ ជាមួយការប្រើប្រាស់កងកម្លាំងមានសមត្ថកិច្ចជាង១ម៉ឺននាក់ ដើម្បីទប់ស្កាត់បទល្មើសលូច ឆក់ ប្លន់ ទប់ស្កាត់ពួកជ្រុលនិយម បទល្មើសផ្សេងៗទៀត។
ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងឱកាសនោះ បានលើកឡើងថា ក្នុង១ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបំពេញការងារយ៉ាងល្អ ទាំងការរក្សាសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍ។ ជាងនេះទៅទៀត រាជធានីភ្នំពេញ ត្រូវបានការិយាល័យអចិន្ត្រៃយ៍ និងអង្គសន្និបាតសម្រេចបោះឆ្នោតបន្តអាណត្តិ ជាសមាជិកការិយាល័យអចិន្ត្រៃយ៍ និងជាពិសេសគាំទ្រឲ្យក្លាយជាអនុប្រធានការិយាល័យអចិន្ត្រៃយ៍របស់សមាគម AIMF ថែមទៀត៕