យុវជនមួយក្រុម ឈប់រង់ចាំមិត្តភក្ដិ ត្រូវជនទំនើងកាប់ប្រហារ

ម្សិលមិញ ម៉ោង 11:07:AM

រាជធានីភ្នំពេញ៖ យុវជន៤នាក់ កំពុងតែឈប់រង់ចាំមិត្តភក្ដិ ស្រាប់តែលេចមុខជនទំនើងមួយក្រុម ប្រដាប់ដោយកាំបិតបុ័ងតោ ដេញកាប់ប្រហារ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង១០ និង ៥៥នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមផ្លូវលំមួយខ្សែ ស្ថិតក្នុងភូមិស្នែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានយុវជនចំនួន៤នាក់ បានជិះម៉ូតូចំនួន២គ្រឿង មកដឹកមិត្តភក្ដិ នៅចំណុចកើតហេតុ។ ស្របពេលពួកគេកំពុងតែរង់ចាំនោះ ស្រាប់តែលេចមុខជនទំនើងមួយក្រុម ប្រដាប់ដោយកាំបិតបុ័ងតោ បានជិះម៉ូតូជាច្រើនគ្រឿង មកដល់ដេញកាប់ប្រហារ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ និង ៣នាក់ផ្សេងទៀត បានរត់គេចខ្លួន ផុតពីគ្រោះថ្នាក់។ ភ្លាមៗនោះ ជនបង្កបានគេចខ្លួនបាត់អស់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅនាំបក្ខពួករបស់ជនរងគ្រោះ មកសាកសួរ ដើម្បីស្រាវជ្រាវស្វែងរកជនបង្ក នាំមកចាត់ការតាមច្បាប់។ ដោយឡែក ជនរងគ្រោះ ត្រូវបានមិត្តភក្ដិនាំទៅសង្គ្រោះ នៅមន្ទីរពេទ្យព្រះកុសុម:។ បើទោះជាយ៉ាងណាក៏ដោយ ករណីនេះ សមត្ថកិច្ចក៏មិនទាន់បានបញ្ជាក់ ថាតើវាជាករណីគំនុំឬយ៉ាងណានោះដែរ៕

ពត័មានពេញនិយម