ខេត្តក្រចេះ ៖ រថយន្តបង្កគ្រោះថ្នាក់បណ្តាលអោយក្មេងប្រុសស្រីចំនួន ៥ នាក់ស្លាប់បាត់បង់ជីវិត រណូករណែលលើដងផ្លូវជាតិលេខ៧៤(ស្នួល-វៀតណាម)ត្រង់ចំណុចភូមិច្រាប ឃុំ ពីធ្នូ ស្រុកស្នួល ខេត្តក្រចេះកាលពីវេលាម៉ោង៨:៣០នាទី កាលពីយប់ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សមត្ថកិច្ចបានរកឃើញនៅក្នុងចំការកៅស៊ូមួយកន្លែង តែតៃកុងរថយន្តរត់គេចខ្លួនបាត់ ។
ប្រភពពីសមត្ថកិច្ច បានឱ្យដឹងនៅរសៀលថ្ងៃទី ៩ ខែវិច្ឆិកា នេះ ថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ រថយន្តបង្កម៉ាក FUSO ពណ៌សក្រហម ពាក់ផ្លាកប្រទេសវៀតណាមលេខ 92C 157.48 ធ្វើដំណើរពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុ បានរ៉េចង្កូតជ្រុលទៅបុកម៉ូតូ ម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ ក្រចេះ 1G.2668 ពណ៌ខ្មៅ ក្នុងទិសដៅស្របគ្នា អូសជាច្រើនម៉ែត្រ រហូតបែកផ្កាភ្លើងឆេះម៉ូតូខ្ទេចនិងបណ្ដាលឲ្យក្មេងប្រុសស្រីចំនួន ៥ នាក់បានស្លាប់បាត់បង់ជីវិត រណូករណែលនៅនឹងកន្លែងកើតហេតុ។
មន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកស្នួលបានអោយដឹងថា ជនរងគ្រោះទាំង៥នាក់ដែលបានបាត់បង់ជីវិតរួមមាន ឈ្មោះ ឆាន ស្រីនិច ភេទស្រី អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ជាអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ រួមមាន ១-ឈ្មោះ ឆាន ស្រីនុត ភេទស្រី អាយុ ១៦ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ២-ឈ្មោះ ខេង យៀវ ភេទប្រុស អាយុ០៨ ឆ្នាំ ៣-ឈ្មោះ ខេង ស៉ីនឿន ភេទប្រុស អាយុ៦ឆ្នាំ និង៤-ឈ្មោះ ខេង ប៉ិច ភេទស្រី អាយុ៤ ឆ្នាំ អ្នកទាំងបីជាបងប្អូនបង្កើតនិងគ្នា រស់នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។
រថយន្តបង្ក ក្រោយពីបង្កគ្រោះថ្នាក់រួច បានបើករថយន្តរត់គេចចេញពីកន្លែងកើតហេតុ លុះដល់ព្រឹក ថ្ងៃទី ៩ ខែវិច្ឆិកា កម្លាំងសមត្ថកិច្ចក៏បានស្រាវជ្រាវរកឃើញលាក់ខ្លួន នៅក្នុងក្រុមហ៊ុនចំការកៅស៊ូ សុវណ្ណវទ្ធី ចំណុចគីឡូម៉ែត្រ ១០៧ ស្ថិតក្នុងភូមិ១០៤ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
សមត្ថកិច្ចបានបន្តថា បច្ចុប្បន្ន រថយន្ត ខូចខាតស្រាល ១ គ្រឿង និងម៉ូតូ ខូចខាតធ្ងន់ ១ គ្រឿង កម្លាំងជំនាញបានធ្វើកំណត់ហេតុចាប់យកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបន្តនីតិវិធី រីឯសាកសពខាងលើសមត្ថកិច្ចជំនាញ បានធ្វើកំណត់ហេតុប្រគល់ទទួលជូនក្រុមគ្រួសារសាច់ញាតិរួច ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ៕