រាជធានីភ្នំពេញ៖ ក្រោយពេលឧកញ៉ា ស្រី ស៊ីណា បានបាញ់ប្រហារផ្ដាច់ជីវិតទៅលើគូស្នេហ៍២នាក់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅបុរីប៉េងហួតបឹងស្ងោ ផ្ទះលេខ២៦ ផ្លូវលេខP-10F ស្ថិតភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រួចមក សំណុំរឿងឃាតកម្មដ៏សាហាវរបស់អតីតឧកញ៉ារូបនេះ កំពុងតែស្ថិតក្នុងចំណាត់ការតាមផ្លូវច្បាប់ជាបន្ដបន្ទាប់របស់តុលាការ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹង ថា អ្នកនាំពាក្យ សាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន ជ្រាប ថា កាលពីខែមិថុនា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងជនត្រូវចោទ ឈ្មោះ ស្រី ស៊ីណា ចំនួន៣សំណុំរឿង គឺ៖
១.សំណុំរឿងព្រហ្មទណ្ឌលេខ ៣៩៩១ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ពីបទឃាតកម្ម និងប្រើប្រាស់ អាវុធដោយគ្មានការអនុញ្ញាត។
២. សំណុំរឿងព្រហ្មទណ្ឌលេខ ៤០៥៩ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ពីបទ ប៉ុនប៉ងឃាតកម្ម និង ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។
៣. សំណុំរឿងព្រហ្មទណ្ឌលេខ ៤១៩៥ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ពីបទរំលោភលើលំនៅឋាន ប្រព្រឹត្តនៅចំណុចបុរីប៉េងហួតបឹងស្ងោ ផ្ទះលេខ២៦ ផ្លូវលេខP-10F ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាម មាត្រា ២៧ មាត្រា ១៩៩ មាត្រា ២៩៩ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ២០ នៃច្បាប់ស្តីពី ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។ ចំពោះសំណុំរឿងទី១ និងទី២ ក្រោយពីបានស្រាវជ្រាវ និងបំពេញ កិច្ចស៊ើបសួរដោយម៉ត់ចត់តាមនីតិវិធីច្បាប់ចប់សព្វគ្រប់ ចៅក្រមស៊ើបសួរ បានចេញដីកាដំណោះស្រាយសម្រេច បញ្ជូនសំណុំរឿងព្រហ្មទណ្ឌទាំង២ខាងលើនេះ ទៅតុលាការជំនុំជម្រះ តាមដីកាសម្រេចបញ្ជូនសំណុំរឿង ទៅជំនុំជម្រះលេខ ៦៧៨៧ «ង»ដដ និង លេខ ៦៧៨៨ «ង« ដដ ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤, ហើយតុលាការ នឹងកំណត់កាលបរិច្ឆេទសវនាការ នៅពេលខ្លីខាងមុខនេះ។ រីឯសំណុំរឿងទី៣ ចៅក្រមស៊ើបសួរ បាន និងកំពុង ត្រៀមបិទការស៊ើបសួរ ដើម្បីបញ្ជូនសំណុំរឿងទៅជំនុំជម្រះ តាមនីតិវិធីច្បាប់។
អ្នកនាំពាក្យ សាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ជូនផងដែរ ថា សាលាដំបូងរាជធានីភ្នំពេញ ក៏បានទទួលចាត់ការសំណុំរឿងរដ្ឋប្បវេណី ដែលភាគីដើមបណ្តឹងរដ្ឋប្បវេណី ជាសាច់ញាតិរបស់ជនរងគ្រោះ បានដាក់ពាក្យសុំដីកាសម្រេចរក្សាការពាររឹបអូសទ្រព្យសម្បត្តិចលនវត្ថុ និង អចលនវត្ថុរបស់ជនត្រូវចោទ ឈ្មោះ ស្រី ស៊ីណា ហើយតុលាការបានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិនោះ តាមការស្នើសុំរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណី។ ក្រោយមកមានបណ្តឹងតវ៉ារបស់តតិយជន លើការសម្រេចរបស់តុលាការពាក់ព័ន្ធនឹងដីចំនួនមួយកន្លែង។ សំណុំរឿងរដ្ឋប្បវេណីទាំង២នេះ តុលាការកំពុងចាត់ការតាមនីតិវិធីច្បាប់…៕