ក្នុងនាមជាម្ចាស់ផ្ទះ រដ្ឋបាលរាជធានីភ្នំពេញ កំពុងមមាញឹកលើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរយសាធារណៈ ក៏ដូចកែលំអរសោភណ្ឌភាពទីក្រុង ពិសេសនៅជុំវិញតំបន់ប្រារព្វពិធីដោយធានាថា ព្រះរាជពិធីបុណ្យអុំទូក ខាងមុខដ៏ខ្លីនេះ ដំណើរការទៅដោយរលូន ប្រកបដោយសន្តិសុខល្អ និងសោភណ្ឌភាព។
នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា «ក្នុងនាមជាម្ចាស់ផ្ទះ យើងត្រូវគិតគូឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងការគ្រប់គ្រងកម្លាំងការងារសង្គ្រោះបន្ទាន់ បង្កើតទីបញ្ជាការស្រាល ក្នុងកិច្ចប្រតិបត្តិការណ៍ ការពារសន្តិសុខ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអ៊ុទូក ទប់ស្កាត់ការលំហូរចរាចរណ៍ ចំពោះរថយន្តមួយចំនួន ចូលមកក្នុងរាជធានី ទប់ស្កាត់ បង្ការចោរលូកហោប៉ៅជាដើម និងការបង្ការទប់ស្កាត់ហានិភ័យ នៃគ្រោះអគ្គីភ័យ និងការគិតគូពីអនាម័យបរិស្ថាន»។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអ៊ុទូកឆ្នាំនេះ ទាំងខាងក្នុង និងក្រៅព្រះរាជពិធី កម្លាំងរបស់យើងត្រូវតែធានាឱ្យបាន សន្តិសុខ សុវត្ថិភាព ១០០% ជូនព្រះមហាក្សត្រ, ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិ និងប្រជាពលរដ្ឋ ដែលចូលមកដើរលែងកំសាន្ត ហើយនៅព្រឹកថ្ងៃទី១៤ វិច្ឆិកា លោកអភិបាលរាជធានី និងចុះទៅពិនិត្យទីតាំង ទីបញ្ជាការស្រាល ដើម្បីពង្រឹងកម្លាំងអោយបានខ្លាំងក្លា។
ឯកឧត្តម ក៏លើកឡើងទៀតថា ទាំងកងកម្លាំង និងសម្ភារផ្សេងៗបើខ្វះខាតត្រូវរាយការណ៍ភ្លាម ដើម្បីយើងបានដោះស្រាយទាន់សភាពការណ៍ ធ្វើយ៉ាងណាអោយព្រះរាជពិធីបុណ្យអ៊ុទូកឆ្នាំនេះ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។
ដើម្បីឱ្យការប្រារព្ធព្រះរាជពិធីនេះ ប្រព្រឹត្តទៅបានរលូន គ្មានការរារាំងដល់ដំណើរការអង្គពិធី និងធានា បាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ គណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានីភ្នំពេញ បានបង្កើតជាអនុគណៈកម្មការជាច្រើនផងដែរ ដែលមានដូចជា៖ អនុគណៈកម្មការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សង្គ្រោះទូកលិច និងសង្គ្រោះបន្ទាន់, អនុគណៈកម្មការគ្រប់គ្រងទូក ទីលានប្រណាំងទូក និងទីកន្លែងស្នាក់នៅរបស់កីឡាករ-កីឡាការិនី, អនុគណៈកម្មការផ្គត់ផ្គង់ភស្តុភារ និងហិរញ្ញវត្ថុ, អនុគណៈកម្មការរៀបចំវេទិកា តុបតែងលម្អសោភណភាព និងការងារបរិស្ថាន-អនាម័យ, អនុគណៈកម្មការរៀបចំប្រទីប ផ្សព្វផ្សាយព័ត៌មាន សិល្បៈ និងបដិសណ្ឋារកិច្ច។
ក្នុងនោះរឿងកំប្លោកនៅទន្លេសាបខាងអាជ្ញាធរខណ្ឌប្ញស្សីកែវ និងខណ្ឌជ្រោយចង្វាររួមសហការជាមួយសាលារាជធានីទប់ស្កាត់ កុំឱ្យអណ្ដែតមកដល់មុខព្រះបរមរាជវាំងពេលអុំទូកចាំម៉ោង១១យប់ ចប់ពិធីបណ្ដែតប្រទីបអស់សិនចាំប្រលែងឱ្យមក។
គួរបញ្ជាក់ថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចំនួន ០៣ថ្ងៃ គឺនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានទីតាំងនៅតាមដងទន្លេសាប ចាប់ពីស្ពានជ្រោយចង្វារ ដល់កោះពេជ្រ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះដែរ មានទូកចូលរួមប្រណាំង ចំនួន៣៤៦គ្រឿង ក្នុងនោះ មានទូកអុំ ចំនួន ១៧០គ្រឿង ទូកចែវចំនួន ៤៥គ្រឿង (ទូកចែវនារី ០១គ្រឿង) ទូកខ្នាតអន្តរជាតិ ចំនួន ១៣១គ្រឿង (ទូកខ្នាតអន្តរជាតិនារី ០៣គ្រឿង)។
ចំណុះទូក ចំនួន ២១,៩៤៦នាក់ ចំណុះបុរសចំនួន ១៧,៤៦៩នាក់ (បម្រុង ៤,២៦៩នាក់) ចំណុះនារីចំនួន ១០៦នាក់ (បម្រុង ១០២នាក់)។ចំណែកទីតាំងស្នាក់នៅរបស់កីគឡាករអុំទូក មាន០២ទីតាំង ៖ ទី១ ទីតាំងដីវាលទល់មុខរង្វង់មូលនាងមច្ឆា (OCIC ជ្រោយចង្វារ) និងទី២ ទីតាំងអតីតស្ថានីយប្រេងឥន្ធនៈសូគីមិច គីឡូម៉ែត្រលេខ៦ (ឫស្សីកែវ)។ ចំពោះប្រទីបដែលនឹងត្រូវបណ្តែតអបអរសាទរព្រះរាជពិធីបុណ្យ ចំនួន ៣៥ប្រទីប៕