ប្តីប្រពន្ធមួយគូរួមរស់នៅជាមួយគ្នាអស់រយះពេល២ឆ្នាំចុងក្រោយត្រូវលេងលះគ្នាព្រោះតែសត្វឆ្មា

ម្សិលមិញ ម៉ោង 03:30:PM

វៀតណាម ៖ ប្រពន្ធ​បង​អើយ ទ្រាំ​លែង​បាន​ហើយ យើង​បែក​គ្នា​ទៅ សូម​ជូនពរ​អូន បន្ត​រស់នៅ​ជាមួយ​ឆ្មា​សំណព្វចិត្ត​របស់​អូន អោយ​បាន​សុខ​ចុះ​ណា​! ។ ពាក្យ​ពោល​មួយ​ឃ្លា​ខាងលើ​នេះ គឺ​សំដៅ​ទៅ​ដល់​រឿងរ៉ាវ​លែងលះ​រវាង​ប្តី​ប្រពន្ធ​មួយគូ ដោយសារ​តែ​ការ​ចិញ្ចឹម​ឆ្មា ដែល​កំពុង​តែ​ផ្ទុះ ការ​ចាប់អារម្មណ៍​ពី​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​បុក នៅ​ប្រទេស​វៀតណាម ជា​ពិសេស​រូបភាព​ប៉ុន្មាន​សន្លឹក ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ពិត​នៅ​ក្នុងផ្ទះ​របស់​ពួក​គេ ដោយ​ឆ្លើយ​តប​ទៅ​នឹង​មតិ​រិះគន់​ក៏​ដូច​ជា បាន​បកស្រាយ​រាល់​ច​ម្ង​ល់ និង​ជំ​រះ​អស់​មន្ទិល​សង្ស័យ​ថា ហេតុ​អ្វី គ្រាន់តែ​ប្រពន្ធ​ចិញ្ចឹម​ឆ្មា​សោះ​ក៏​ត្រូវ​បុរស​ជា​ប្តី​ប្តឹង​សុំ​លែងលះ​ដែរ​នោះ ។

ប្រភព​ពី​សារព័ត៌មាន​វៀតណាម kienthuc.net បានឱ្យ​ដឹង​ថា រូបភាព​ដែល​ត្រូវ​បាន​ចែកចាយ​លើ​ហ្វេ​ស​ប៊ុ​ក​នោះ មាន​ប្រភព​ដើម​ពី​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​បងស្រី​បង្កើត​របស់​បុរស​ជា​ប្តី​ដែល​ត្រូវ​ប្រពន្ធ​បង្ហោះ​បង្កាច់បង្ខូច​ថា ពូកែ​ប្រចណ្ឌ​ពេក​ទើប​នាង​សុំ​លែង ដែល​ធ្វើ​ឱ្យ​ប្អូនប្រុស​របស់​ខ្លួន​ទទួល​រង​ការ​ជេរ​ប្រមាថ ដោយសារ​តែ​ការ​យល់​ច្រឡំ​ពី​មហាជន ។

ស្ត្រី​រូប​នោះ បាន​ចេញ​មុខ​មក​លាតត្រដាង​ការ​ពិត ដោយ​អះអាង​ទាំង​ហួសចិត្ត​ថា​« ប្តី​ណា​ក៏​ដូច​ប្តី​ណា គ្មាន​អ្នក​ណា​អាច​ទ្រាំ​បាន​ទេ កុំ​ថា​ឡើយ​តែ​ប្អូនប្រុស​ខ្ញុំ បើ​ប្រពន្ធ​គ្មាន​ចេះ​ធ្វើ​ស្អី មួយ​ថ្ងៃ​ៗ​មើល​តែ​សត្វ​ឆ្មា ចិញ្ចឹម​ឆ្មា តែ​ខ្ជិល​កើប​អាចម៍ឆ្មា សួរ​ថា តើ​ប្អូនប្រុស​ខ្ញុំ​ជា​មនុស្ស​ពូកែ​ទ្រាំ​អត់ធ្មត់​បែប​ណា​ទៅ​ដែល​ត្រូវ​ចំណាយពេល​រស់នៅ​អស់​រយៈពេល​២​ឆ្នាំ ជាមួយ​មនុស្ស​ស្រី​ដ៏​កខ្វក់ និង​ខ្វះ​អនាម័យ​បែប​នេះ?»
ម្ចាស់​គណនី​ដដែល បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា «​ប្អូនប្រុស​របស់ខ្ញុំ បាន​រៀប​ការ​ជាមួយ​ប្អូនថ្លៃ​២​ឆ្នាំ​ហើយ ។ ប្អូនប្រុស​ខ្ញុំ​បាន​ខិតខំ​ធ្វើការ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ ខណៈ​ដែល​នាង​ជា​ប្រពន្ធ​មិន​បាន​ធ្វើ​អ្វី​សោះ​នៅផ្ទះ ។ នាង​ចូល​ចិត្ត​ចិញ្ចឹម​ឆ្មា ប៉ុន្តែ​នាង​មិន​ចូល​ចិត្ត​សម្អាត​មិន​ត្រឹមតែ​ទ្រុង​ឆ្មា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ គឺ​ផ្ទះ​ទាំងមូល គឺ​នាង​មិន​ដែល​សម្អាត​តែ​ម្តង ។

ក្រោយ​ទ្រាំ​អត់ធ្មត់​លើ​រឿង​នេះ​អស់​២​ឆ្នាំ ថ្ងៃមួយ​ក្រោយ​ពី​ត្រឡប់​មក​ពី​ធ្វើការ​វិញ ប្អូនប្រុស​ខ្ញុំ​បាន​ស្រែក​ដាក់​ប្រពន្ធ ហើយ​ក៏​កើតជា​រឿង​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង ។ ហើយ​អ្វី​ដែល​ធ្វើ​អោយ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​នោះ ឪពុក​ម្តាយក្មេក​បែរជា​កាន់ជើង​កូនស្រី​ខ្លួន ហើយ​ថែម​ទាំង​ជេរ​ស្តីឱ្យ​ប្អូនប្រុស​ខ្ញុំ​ដែល​ជា​កូនប្រសា​ថែម​ទៀត​ទើប​ពួក​គេ​ទាំង​ពីរ​ឈាន​ទៅ​ដល់​ការ​សម្រេចចិត្ត​លែងលះ ។
ម្ចាស់​គណនី​ដដែល​បាន​បន្ត​ថា «​កុំអោយ​គេ​ថា ខ្ញុំ​ជា​បងថ្លៃ​ស្រី​ចេះ​តែ​និយាយ​ចោទប្រកាន់​ប្អូនថ្លៃ​ស្រី និង​កាន់ជើង​ប្អូនប្រុស​ខ្លួនឯង តែ​សូម​បងប្អូន​ជួយ​ពិនិត្យ​រូបភាព​ទាំងនេះ​ជា​ភស្តុ​តាង​ទៅ តើ​ស្ថានភាព​ក្នុងផ្ទះ​មួយ​នេះ​វា​គគ្រិច​ប៉ុនណា ទាំង​ក្នុង​បន្ទប់​គេង ទាំង​បន្ទប់ទឹក និយាយ​ទៅ​សឹងតែ​គ្រប់​ទីកន្លែង គឺ​ពោរពេញ​ទៅ​ដោយ​សំរាម កខ្វក់ លាមក​ឆ្មា និង​រោម​ឆ្មា​ទាំងអស់ ។ ក្រោយ​ពី​បានដឹង​រឿងរ៉ាវ​លម្អិត​ទាំងនេះ អ្នកលេង​បណ្តាញ​សង្គម បាន​បញ្ចេញមតិ​រិះគន់​ទៅ​លើ​នារី​ជា​ប្រពន្ធ ដោយ​និយាយ​ថា វា​សាក​សម​ហើយ​ដែល​ត្រូវ​ប្តី​សុំ​លែង ។

បន្ថែម​លើ​នេះ ពួក​គេ​ក៏​បាន​សម្តែង​ក្តី​អាណិត និង​លើកទឹកចិត្ត​ទៅ​កាន់​បុរស​ជា​ប្តី ដោយ​សង្ឃឹមថា នឹង​រកបាន​ប្រពន្ធ​ល្អ​នា​ថ្ងៃ​អនាគត ។ ជា​ការ​ឆ្លើយ​តប បុរស​ពោះម៉ាយ​រូប​នេះ​បាន​ចេញ​សារ​តាម​ហ្វេ​ស​ប៊ុ​កដោយ​បញ្ជាក់​ពី​ជំហរ​ជីវិត​គូ​របស់​ខ្លួន ក្រោយ​ការ​លែងលះ​យ៉ាង​ដូច្នេះ​ថា ៖«​នៅ​ក្នុង​ជីវិត មនុស្ស​គ្រប់​រូប មាន​ទាំង​ត្រូវ មាន​ទាំង​ខុស ។ មនុស្ស​គ្រប់​រូប​មាន​ហេតុផល​ផ្ទាល់ខ្លួន ។ មាន​អ្នក​អាណិត និង​អ្នក​រិះគន់ ។ ពេល​នេះ​ខ្ញុំ​គិតតែ​ថា ធ្វើ​យ៉ាងម៉េច ដើម្បី​រក​ប្រាក់​ចិញ្ចឹម​កូន និង​ម្ដាយ​ចាស់​របស់ខ្ញុំ ។ ខ្ញុំ​សូម​អរគុណ​អ្នក​ទាំងអស់​ដែល​យល់ ។ សូម​អរគុណ​ចំពោះ​ការ​រិះគន់ ។ តើ​អ្វី​ៗ​នឹង​ទៅ​ជា​យ៉ាងណា​នៅ​ពេល​អនាគត ទុក​ឱ្យ​ពេលវេលា​ជា​អ្នក​បកស្រាយ​ទៅ​ចុះ​» ៕

ពត័មានពេញនិយម