(ថៃ) ៖ ភាពយន្តបុរាណថៃដែលតួស្រីម៉ៃ ដាវីកា ឈ្លៀកឈុតអប្សរា និងប្រើអក្សរបុរាណខ្មែរកំពុងតែជួបរឿងស៊យធំ ក្រោយផ្ទុះប្រតិកម្មពីអ្នកទស្សនាដោយសារតែឈុតឆាកបំពុលសត្វឆ្មា ។ ជឿជាក់ថា អ្នកតាមដានបណ្តាញសង្គមមួយចំនួនធំ ពិតជាធ្លាប់បានដឹង ធ្លាប់បានឮនូវរឿងរ៉ាវចម្រូងចម្រាស់ ពាក់ព័ន្ធទៅនឹងភាពយន្តភាគបុរាណថៃថ្មីមួយរឿង ដែលមានតារាស្រីល្បីឈ្មោះ ម៉ៃ ដាវីកា ដើរតួជា “Mae Yua/ មេហួ ឬ Empress of Ayuttaya ។
នៅក្នុងរឿងនេះ គេឃើញតួអង្គស្រីសំខាន់ៗ ខ្លះគ្រងឈុតអប្សារា ខ្លះគ្រងឈុតបុរាណ ហើយដែលវាសឹងតែដូចគ្នាបេះបិទទៅនឹងឈុតបុរាណខ្មែរ ដែលមាននៅតាមជញ្ជាំងប្រាសាទអង្គរ ។ អ្នកទស្សនា ក៏ប្រទះឃើញអក្សរបុរាណខ្មែរ យ័ន្តខ្មែរ ក៏ដូចជាពិធីសាសនាបុរាណរបស់មហាក្សត្រខ្មែរសំខាន់ៗនៅក្នុងសាច់រឿងដូចគ្នា ។
ចំណុចរសើបៗទាំងអម្បាលមាណនេះ បង្កើតឱ្យមានរលកនៃការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកលេងបណ្តាញសង្គម និងមហាជនខ្មែរ ទៅកាន់ផលិតករភាពយន្តរបស់ផ្ទះលេខ២ ដែលមានចេតនាបង្កើតឱ្យរឿងរ៉ាវស្រដៀងៗគ្នានេះ កើតមានឡើងច្រើនលើកច្រើនសាររាប់មិនអស់មកហើយ ។
យ៉ាងណាក៏ដោយ ថ្មីៗបំផុតចុងក្រោយ រឿងបុរាណរបស់ប៉ុស្តិ៍លេខ១ ថៃមួយនេះ ហាក់ត្រូវបណ្តាសារដូនតាខ្មែរ ឬក៏យ៉ាងណានោះទេ ដោយទទួលរងនូវសន្ទុះនៃការខឹងសម្បារប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនថៃ ក្រោយពីចាក់ផ្សាយត្រង់ឈុត បំពុលសម្លាប់សត្វឆ្មារ ដែលនៅពេលនេះ វាក្លាយជាប្រធានបទក្តៅគគុក ប្រឈមមុខនឹងភាពមិនច្បាស់លាស់ថា អាចបន្តចាក់ផ្សាយដល់ចប់ឬក៏អត់? ជាពិសេស ក្រុមអ្នកស្រឡាញ់សត្វទូទាំងប្រទេសថៃ បានបង្កើតយុទ្ធនាការមិនឱ្យទស្សានរឿងនេះ ទាមទារឱ្យម្ចាស់ស្ព័នស័រដកការឧបត្ថម្ភ និងស្នើដកចេញពី Netflix ជាមួយនឹងប្រើ hashtag #BanMaeYua ។
ជាពិសេស បញ្ហានេះ ក៏កំពុងត្រូវបានស្ថាប័នជំនាញរបស់រដ្ឋាភិបាលថៃ ឈានទៅបើកការស៊ើបអង្កេតតាមផ្លូវច្បាប់ ដែលអាចនឹងជាប់ពាក់ព័ន្ធទៅនឹងអំពើធ្វើបាបសត្វថែមទៀតផង ។ ប្រភពពីផេក Thailand star – Cambodia Fanclub បានបង្ហោះកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ថា «Drama ក្ដៅគគុកនៅពេលនេះ ! អ្នកទស្សនាបានប្រតិកម្មខ្លាំងលើរឿង មែហ្យួ ដែលមានឈុតធ្វើទារុណកម្មដាក់ថ្នាំបំពុលលើសត្វឆ្មា ។ ក្រោយពីឈុតនេះ បានចាក់ផ្សាយចេញទៅរួចហើយធ្វើឱ្យកើតជាការជជែកវែកញែកយ៉ាងខ្លាំងលើបណ្ដាញសង្គមរហូតដល់មានការបង្កើត Hastag #BanMaeYua ឈប់ឲចាក់ផ្សាយទៀតផង ។
ក្នុងថ្ងៃពេលតែមួយនោះ ខាងបុស្តិ៍ក៏បានចេញលិខិតសុំទោសជាសាធារណៈហើយ រីឯតារាសម្ដែងក្នុងរឿងនេះក៏ចេញមកសុំទោសជាបន្តបន្ទាប់។ ចំណែកអ្នកដឹកនាំក៏បានចេញមកបកស្រាយថា ពេលនេះ សត្វឆ្មានោះគឺមានសុវត្ថិភាពល្អ មិនមានអ្វីប៉ះពាល់ដល់អាយុជីវិតវាឡើយ ទោះបីជាក្នុងរឿងនោះគេដាក់ថ្នាំបំពុលសត្វឆ្មានោះស្ដែងៗក៏ពិតមែន តែមានបសុពេទ្យនៅចាំមើលថែនិងណែនាំពីខាងក្រោយជានិច្ច ។
យ៉ាងណាមិញ អ្នកទស្សនានៅតែមិនព្រម ព្រោះឈុតនេះវាដូចជាប៉ះពាល់អារម្មណ៍អ្នកទស្សនា និងអ្នកស្រលាញ់សត្វយ៉ាងខ្លាំង។ លើសពីនេះមានមតិរិះគន់ថា រឿងនេះសាច់រឿងភ្លាវសាហាវ ហើយគេ Rate ឲ 0/10 ។
ចំពោះសាច់រឿងឱ្យកាន់តែលម្អិតថែមទៀតនោះ ត្រូវបានផេក To Night – យប់នេះ ចេញមកសង្ខេបអោយដឹងថា មូលហេតុនៃបញ្ហាកើតឡើង ដោយសារតែភាគទី៥ ដែលចាក់ផ្សាយត្រង់ឈុតមួយដែលព្រះស្នំ Tanyong (សម្តែងដោយ Fern Nopjira) សង្ស័យថា Thao Srisudachan នឹងបំពុ-ល Phra Chai Racha ជាមួយនឹងតែ ដូច្នេះនាងបានឱ្យមេដោះរបស់ឈ្មោះ «ថោងឌី» ឱ្យទឹកតែ នោះទៅឆ្មាផឹក ដើម្បីសាកល្បងថា ពុលឬអត់ ហើយភ្លាមៗនោះ ឆ្មាមួយក្បាលនោះ បានពុលប្រកាច់ ហើយស្រែកថា ម៉ែវ ហើយក៏ងាប់ភ្លាមៗ ។
ត្រង់ឈុតនេះ អ្នកទស្សនាបានសរសើរថា សត្វឆ្មានេះសម្តែងបានល្អ ប៉ុន្តែក៏ផ្ទុះជាសំណួរថា តើឆ្មាកំពុងសម្តែង ឬប្រកាច់ដោយសារតែពុលថ្នាំពិតឬយ៉ាងណា? ឆ្លើយតបនឹងសំណួរអ្នកមើលខាងលើនេះ តួអង្គម្នាក់ដែលបំពុលឆ្មាបានចេញមបង្ហោះសារតាមបណ្តាញសង្គម ដោយនិយាយដូចគ្មានរឿងអីកើតឡើង និងអះអាងថា ឆ្មាពិតជាត្រូវបានចាក់ថ្នាំស្ពឹកឱ្យប្រកាច់ និងថ្នាំសណ្តំដោយសន្លប់ ដូចងាប់ពិតៗ ។
ការបង្ហោះនេះឯង នាំឱ្យផ្ទុះប្រតិកម្មពីក្រុមអ្នកស្រឡាញ់សត្វចិញ្ចឹម ដោយពួកគេមិនអាចទទួលយករឿងនេះបានទេ ទោះជាមានការបកស្រាយជាបន្តបន្ទាប់ពីសំណាក់អ្នកដឹកនាំ និងស្ថាន័យទូរទស្សន៍ថា សត្វឆ្មាខ្មៅមួយក្បាលនោះ មិនមានបញ្ហា និងនៅមានជីវិតយ៉ាងណាក្តី ។
លោកបណ្ឌិត. Phermsin Boonnom អ្នកឯកទេសខាងពេទ្យសត្វមកពីផ្នែកសុខុមាលភាពសត្វ និងសេវាកម្មបសុសត្វ នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វចាត់ទុកថា ជាអំពើឃោរឃៅយ៉ាងសាហាវ ។
នៅថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២៤ នាយកដ្ឋានបសុសត្វរបស់ប្រទេសថៃ បានចេញលិខិតកោះហៅទៅ
អោយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខមួយ ដើម្បីឱ្យអ្នកដែលពាក់ព័ន្ធនឹងបញ្ហានេះ ដែលរួមទាំងអ្នកដឹកនាំរឿងអ្នកថែទាំឆ្មា និងអ្នកជំនាញដែលអះអាងថា បានចាក់ថ្នាំស្ពឹកដល់ឆ្មា អោយចូលខ្លួនឱ្យមកផ្តល់ព័ត៌មានលម្អិតឱ្យបានមុនថ្ងៃទី១២ ខែវិច្ឆិកា។
ក្រៅពីនេះ ក្រុមបសុពេទ្យមកពីផ្នែកសុខុមាលភាពសត្វ នឹងធ្វើការត្រួតពិនិត្យសុខភាពបឋម ការធ្វើតេស្តឈាម និងកាំរស្មីអ៊ិចទ្រូងទៅលើសត្វឆ្មារ ដែលត្រូវគេចាត់ទុកថា ជាជនរងគ្រោះ។
ជាបឋម ប្រសិនបើការស៊ើបអង្កេតរកឃើញថា បុគ្គលចាក់ថ្នាំអោយឆ្មាដែលខាងស្ថានីយ និងអ្នកដឹកនាំរឿងអះអាងថា ជា«អ្នកជំនាញ»នោះ មិនមែនជាពេទ្យសត្វ រឿងនេះនឹងក្លាយទៅជាបទល្មើសក្រោមច្បាប់ស្តីពីវិជ្ជាជីវៈពេទ្យសត្វ ។ ហើយការដែលចាក់ថ្នាំស្ពឹកឱ្យឆ្មា ធ្វើឡើងដោយមនុស្សធម្មតា មិនមែនពេទ្យសត្វនោះ គឺជាបទល្មើស នៃអំពើឃោរឃៅលើសត្វ និងច្បាប់សុខុមាលភាពសត្វ ផ្នែកទី២០ ដែលនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារមិនលើសពី២ឆ្នាំ ឬពិន័យជាប្រាក់មិនលើសពី៤ម៉ឺនបាត ឬទាំងពីរ៕