មនុស្សមួយក្រុមផឹកស៊ី ផ្អើលដល់សមត្ថកិច្ច ចុះទៅសួរសុខទុក្ខទាំងយប់

ម្សិលមិញ ម៉ោង 04:15:PM

 

រាជធានីភ្នំពេញ៖ មនុស្សមួយក្រុម បាននាំគ្នាផឹកស៊ី ចាក់បាស់រំខានដល់អ្នកជិតខាង ទើបសមត្ថកិច្ចចុះទៅពិនិត្យ និង ណែនាំ កាលពីវេលាម៉ោង១០ និង ៣០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខាងក្រោយមន្ទីរពេទ្យសែន សុខ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹង ថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ អំពីករណីចាក់បាស់ផឹកស៊ី ទាំងយប់អធ្រាត្រ រំខានដល់ការរស់នៅ និង ការសម្រាករបស់អ្នកជិតខាង។ បន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍បែបនេះ ទើបកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី និង កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះទៅណែនាំក្រុមអ្នកផឹកស៊ីទាំងនោះ ឲ្យបញ្ឈប់ការចាក់បាស់បង្កសំឡេងរំខាន។ ប៉ុន្ដែនៅក្នុងករណីមិនស្តាប់ការណែនាំ សមត្ថកិច្ចនឹងមានវិធានការជាក់ស្តែងតែម្ដង។

ប្រជាពលរដ្ឋមួយចំនួន បានលើកឡើង ថា សម័យបច្ចុប្បន្ន មនុស្សជាច្រើន តែងតែនិយមយកការផឹកស៊ី សម្រាប់បង្កើនបរិយាកាសសប្បាយរីករាយ នៅក្នុងការជួបជុំគ្នា។ ប៉ុន្ដែបើបង្កើតការសប្បាយរបស់ខ្លួនហើយ សូមកុំរំខានដល់អ្នកដទៃ ឬ អ្នកជិតខាង។ បើយើងផឹកស៊ី ឬ ធ្វីអីមួយ ត្រូវចេះស្គាល់ប្រមាណ និង បញ្ចៀសនូវការប៉ះទង្គិចដល់អារម្មណ៍របស់អ្នកដទៃ ដូចករណីនេះជាដើម៕

ពត័មានពេញនិយម