រាជធានីភ្នំពេញ៖ បុរសម្នាក់ចេញពីផឹកស្រវឹង បានបើករថយន្ដយ៉ាងលឿន ជ្រុលចង្កូតទៅបុកគ្នាជាមួយនឹងម៉ូតូមួយគ្រឿង ផ្លោងជាច្រើនម៉ែត្រ បណ្ដាលឲ្យអ្នកជិះម៉ូតូបាត់បង់ជីវិត កាលពីវេលាម៉ោង៤ និង និង ៤០នាទីទៀបភ្លឺ ឈានចូល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្បែរច្រកចេញវិមានរដ្ឋសភាជាតិ តាមផ្លូវរដ្ឋសភាជាតិ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ទើបនឹងចេញពីផឹកស្រវឹង បានបើករថយន្ដ ម៉ាកព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2BG-0883 តាមបណ្ដោយផ្លូវរដ្ឋសភាយ៉ាងលឿន។ លុះពេលរថយន្ដបានបើកមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកអ្នកជិះម៉ូតូស្កូបពី ផ្លោងជាច្រើនម៉ែត្រ បណ្ដាលឲ្យបាត់បង់ជីវិត។ ឃើញហេតុការណ៍បែបនេះ អ្នកបើកបររថយន្ដបង្ក បានបន្ថែមល្បឿន រត់គេចខ្លួន ចម្ងាយជិត២០០ម៉ែត្រ ទើបបងប្អូនអ្នករត់កង់បី ដេញចាប់បាន ប្រគល់ឲ្យសមត្ថកិច្ច។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានវាស់ជាតិអាល់កុលទៅលើអ្នកបើកបររថយន្ដបង្ក ឃើញមានកម្រិតជាតិអាល់កុល១,២២មិល្លីក្រាម នៅក្នុង១លីត្រខ្យល់។ រីឯអ្នកបើកបររថយន្ដបង្ក និង យានយន្ដពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចនាំទៅចាត់ការតាមច្បាប់។ បន្ទាប់មក សមត្ថកិច្ចបានស្រាវជ្រាវស្វែងរកក្រុមគ្រួសារ មកទទួលយកសពរបស់ជនរងគ្រោះ ដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕