ខេត្តស្ទឹងត្រែង៖ ជនជាតិឡាវម្នាក់ បានដឹកថ្នាំញៀនជាង១លានគ្រាប់ ព្យាយាមនាំចូលមកក្នុងប្រទេសកម្ពុជា តែត្រូវបានសមត្ថកិច្ចខេត្តស្ទឹងត្រែង បង្ក្រាបទាន់ពេលវេលា កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅត្រង់ចំណុចច្រកទ្វារអន្ដរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែងរបស់ប្រទេសកម្ពុជា ឈមជាមួយនឹងណងណុកខៀន ខេត្តចំប៉ាសាក់របស់ប្រទេសឡាវ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹង ថា កាលពីវេលាកើតហេតុ កម្លាំងនគរបាលអន្តោប្រវេសន៍ បានឃាត់រថយន្តមួយគ្រឿងរបស់ជនជាតិឡាវ ដើម្បីត្រួតពិនិត្យ ហើយបានរកឃើញគ្រឿងញៀនជាង១លានគ្រាប់។ ភ្លាមៗនោះ សមត្ថកិច្ចខេត្តស្ទឹងត្រែង ក៏បានឃាត់ខ្លួនជនសង័្សយ ជាជនជាតិឡាវម្នាក់នេះតែម្ដង។
ប្រភពដដែល បានបន្ដ ថា ជនសង័្សយ ឈ្មោះ វុយ យេង (VUE YENG) ភេទប្រុស ជនជាតិឡាវ មានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងប្រទេសឡាវ។ ជនសង័្សយបានប្រើប្រាស់លិខិតឆ្លងដែនលេខ P 1859439 ។ ដោយឡែក វត្ថុតាងដែលសមត្ថកិច្ចកម្ពុជា បានដកហូត រួមមាន៖ គ្រឿងញៀនគ្រាប់ ប្រភេទមេតំហ្វេតាមីន(WY) ចំនួន ១៦៧ដុំ មានទម្ងន់សុទ្ធ៩៣គីឡូក្រាម និង០៩៧,២៥ក្រាម ហើយបើគិតជាគ្រាប់ មានចំនួន ១ ០៣៤ ៤១៣គ្រាប់, រថយន្ត១គ្រឿង ម៉ាក FORTUNER ពណ៌ស ស្លាកលេខរបស់ប្រទេសឡាវ ១១១៥ និង ទូរស័ព្ទដៃចំនួន៣គ្រឿង។
ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ច បាននាំខ្លួនជនសង័្សយ និង វត្ថុតាង ទៅប្រគល់ជូនមន្រ្ដីជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមច្បាប់៕