ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងអបអរសាទរចំពោះសិស្សានុសិស្ស ដែលទទួលបាននិទ្ទេស A ចំនួន៤៧រូប ក្នុងខេត្តកំពង់ស្ពឺ។
ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ មន្ត្រីរាជការជុំវិញខេត្ត ម្តាយឪពុករបស់អាណាព្យាបាលសិស្ស ដែលធ្វើនៅបណ្តាល័យខេត្តកំពង់ស្ពឺ។
ឯកឧត្តមបណ្ឌិត ជាម ច្ទ័នសោភ័ណ បានថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ ដែលលះបង់អស់កម្លាំងកាយចិត្តខិតខំបង្ហាត់បង្រៀនក្មួយៗនាពេលកន្លងមក និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ជាពិសេសឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួមមុខងារ ដែលតែងតែជ្រុមជ្រែង និងផ្ដល់ជាសម្ភារៈសម្រាប់ស្វ័យសិក្សាកន្លងមក។
លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ បានឡើងរាយការណ៍នូវរបាយការណ៍កិច្ចការងាររៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិ នាពេលកន្លងមក។ នៅក្នុងឱកាសនេះលោកបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ចំពោះវិស័យអប់រំ ដែលធ្វើឲ្យការរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិ អាចប្រព្រឹត្តទៅបាននាពេលកន្លងមកព្រមទាំងអាណាព្យាបាលសិស្សានុសិស្ស គ្រប់កម្រិតដែលបានយកចិត្តទុកដាក់ថែរក្សាកូនៗឱ្យប្រឹងប្រែងសិក្សា ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាលោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានចូលរួមបង្ហាត់បង្រៀន ជាជំនួយដល់ការសិក្សារបស់សិស្ស។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចូលរួមអបអរសាទរ និងជូនពរសិស្សានុសិស្សជាបន្តទៀត ដើម្បីឆ្ពោះទៅដល់គោលដៅនៅពេលអនាគតដែលបានកំណត់របស់ខ្លួនម្នាក់ៗ ក៏ដូចជាសសរទ្រូងសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ៕