រាជធានីភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ពាក់ព័ន្ធនឹងការយកលុយរត់ការចង់បានតំណែង តាមរយៈលោក លី សាម៉េត ហៅគ្រូមា និងលោក ឡាច សំរោង ហើយបានបញ្ជូនខ្លួនទៅកាន់តុលាការ កាលពីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។
បើតាមសេចក្តីរាយការណ៍ បានឲ្យដឹង ថា លោក ឡាយ វិសិដ្ឋ បានសូកប៉ាន់លុយចំនួន៥៧ម៉ឺនដុល្លារ ចង់បានតំណែង តាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង ហើយត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន។ បន្ទាប់ពីបញ្ចប់នីតិវិធីសាកសួររួចហើយ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនលោក ឡាយ វិសិដ្ឋ ទៅកាន់សាលាដំបូង កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។
ពាក់ព័ន្ធនឹងការសូកប៉ាន់រត់ការចង់បានតំណែងនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនមនុស្សជាបន្ដបន្ទាប់ រួមមាន៖ លោក មួង ឃីម និង ឧកញ៉ា អ៊ុត ធី ផងដែរ ហើយត្រូវបានតំណាងអយ្យការ សម្រេចចោទប្រកាន់ជាផ្លូវការ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤៕