ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានបើកម៉ូតូយ៉ាងលឿន ជ្រុលចង្កូតទៅបុកគ្នាជាមួយនឹងរថយន្ដធុនធំមួយគ្រឿង បណ្ដាលឲ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០ និង ៣០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៥១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩ និង ២០ ស្ថិតក្នុងភូមិប៉ាលហាល ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍នោះ មានបុរសមិនស្គាល់អត្ដសញ្ញាណម្នាក់ បានជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1M -0366 តាមបណ្ដោយផ្លូវលេខ៥១ នៅក្នុងទិសដៅពីជើងទៅត្បូង បញ្ច្រាសទិសគ្នា ជាមួយនឹងរថយន្តធុនធំមួយគ្រឿង ម៉ាក FUSO ពណ៌សលាយក្រហម-ខៀវ ពាក់ស្លាកកលេខ ភ្នំពេញ 3A -4392 ហើយមានសណ្តោងសឺមីរ៉ឺម៉កស៊ីទែន ពណ៌ស-ក្រហម-ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 4A-7996 ។ លុះពេលគាត់បានជិះម៉ូតូ មកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកគ្នាជាមួយនឹងរថយន្ដ បណ្ដាលឲ្យបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ។ ឃើញហេតុការណ៍បែបនេះ អ្នកបើកបររថយន្ដ បានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង វាស់វែង ហើយធ្វើកំណត់ហេតុ ដកហូតរថយន្ត និង ម៉ូតូយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីចាត់ការបន្តតាមនីតីវិធី។ ដោយឡែក សពរបស់ជនរងគ្រោះ ត្រូវបានគេយកទៅតម្កល់ទុក នៅក្នុងវត្តបញ្ញាមហាព្រហ្ម ស្ថិតក្នុងឃុំដំណាក់រាំង ហើយសមត្ថកិច្ចកំពុងតែប្រកាស ស្វែងរកសាច់ញាតិ និង ក្រុមគ្រួសារ មកទទួលយកសព ដឹកទៅរៀបចំ ធ្វើបុណ្យតាមប្រពៃណី៕