រាជធានីភ្នំពេញ៖ បុរសម្នាក់ទំនងជាខឹងមួម៉ៅក្ដីក្រហាយ នៅក្នុងគ្រួសារក៏មិនដឹង ស្រាប់តែដុតម៉ូតូចោល បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្រោមស្ពានជ្រោយចង្វា តាមផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាន បានឱ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ បានជិះម៉ូតូ ម៉ាក CBR មួយគ្រឿង មិនចាំស្លាកលេខ តាមបណ្ដោយផ្លូវជាតិលេខ៥ នៅក្នុងទិសដៅពីជើងទៅត្បូង។ លុះពេលគេបានជិះម៉ូតូ មកដល់ក្រោមស្ពានជ្រោយចង្វា ក៏ឈប់ម៉ូតូ រួចហើយបានដុតម៉ូតូចោល បណ្ដាលឱ្យឆេះនៅសល់គ្រោងដែក ហើយដើរគេចចេញពីកើតហេតុ។ ប៉ុន្ដែករណីនេះ មិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ រួចហើយបានម៉ូតូ ដែលឆេះនៅសល់តែគ្រោងឆ្អឹងនោះ យកទៅរក្សាទុកជាបណ្ដោះអាសន្ន ដើម្បីរង់ចាំសាច់ញាតិ មកទទួល និង ចាត់ការបន្តតាមនីតិវិធី នាពេលក្រោយ៕