បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ ៣-៤ហើយ ថ្ងៃគ្មានអ្នកដឹង

11-វិច្ឆិកា-2024 - ម៉ោង 11:55:AM

រាធានីភ្នំពេញ ៖ បុរសម្នាក់​ត្រូវបានក្មួយប្រទះឃើញដេកស្លាប់ក្នុងបន្ទប់មាន​សភាពហើមស្អុយ ក្រោយពីបាត់បីទៅបួនថ្ងៃដោយមិនឃើញចេញពីបន្ទប់ បង្ក​ការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋក៍ដូចជាកម្លាំងសមត្ថកិច្ចចុះមក​ត្រួតពិនិត្យនៅវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំនុចផ្ទះលេខ៣៤ ភូមិ៦ ផ្លូវ៣៧៦ កែងផ្លូវ១៦៣សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ លឹម សុខា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ ភូមិ៦ ផ្ទះលេខ៣៤ ផ្លូវ៣៧៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសរងគ្រោះគឺមានភាពរកាំរកូសជាមួយ​និងក្រុមគ្រួសាររបស់គាត់រយៈពេលជិត៧ឆ្នាំមកហើយ ដោយបុរសខាងលើគាត់មានសិទ្ធិចេញចូលស្នាក់នៅក្នុងផ្ទះតែមួយដែរ តែគាត់មិនបាននិយាយស្តីគ្នាជាមួយនឹងប្រពន្ធរបស់គាត់នោះទេ ហើយគាត់ចង់ធ្វើអីចេញចូលតាមតែចិត្តរបស់គាត់ដែរ​ ដោយអ្នកផ្ទះមិនខ្វល់ពីគាត់ទេ ។
តាម​ប្រភពដដែល​បានបន្តថា លុះមកដល់វេលាថ្ងៃកើតហេតុ មិនបានឃើញបុរសរងគ្រោះ​ចុះពីបន្ទប់រយៈពេលបីទៅបួនថ្ងៃ ទើបមានក្មួយរបស់បុរសរងគ្រោះ​បានឡើងទៅបើកបន្ទប់មើល ស្រាប់តែ​ប្រទះឃើញបុរសជាឪពុកមា​បានដេកស្លាប់ដោយមានសភាពហើមស្អុយមិនដឹងតាំងពីពេលណានោះទេ ហើយបន្ទប់ពោរពេញទៅដោយកំប៉ុងស្រាបៀរថែមទៀតផង ។ បន្ទាប់ពីឃើញសភាពបែបនេះ ពួកគាត់មានការឆោឡោភ្ញាក់ផ្អើលដល់​ប្រជា​ពលរដ្ឋ និងបានរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន អោយចុះទៅពិនិត្យ លុះពេលសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យឃើញហេតុការណ៍ជាក់ស្ដែង ក៏បានរាយការណ៍បន្តទៅផ្នែកជំនាញកោសល្យវិច័យវិទ្យាសាស្ត្រនៃស្នងការនគរ បាលរាជធានីភ្នំពេញឲ្យចុះទៅពិនិត្យសពជនរងគ្រោះតែម្ដង ។
ពាក់ព័ន្ធករណីនេះ ផ្នែកកោសល្យវិច័យវិទ្យាសាស្ត្របច្ចេកទេសរាជធានីភ្នំពេញ បានបង្ហើបថា សពជនរងគ្រោះ ស្លាប់ប្រហែល២ទៅ៣ថ្ងៃ ។ សពបានដេកស្លាប់ដោយសារខ្យល់គរ គាំងបេះដូង ដោយមិនមានពាក់ព័ន្ធនឹងករណីឃាតកម្មអ្វីនោះទេ ក្រោយពេលពិនិត្យរួចរាល់សពត្រូវបានប្រគល់ឲ្យក្រុមសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តចាក់អង្រែក្រោម ៕

ពត័មានពេញនិយម