ប្រពន្ធកូនចេះតែរង់ចាំនៅឯផ្ទះជាច្រើនថ្ងៃ ប្ដីបើករថយន្ដធ្លាក់ចូលទឹកក្រោមស្ពាន ទាំងគ្មានអ្នកណាដឹង

26-កក្តដា-2024 - ម៉ោង 04:30:PM

ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់ បានបើករថយន្ដស៊េរីទំនើប ធ្លាក់ចូលទៅក្នុងទឹកក្រោមស្ពាន អស់រយៈពេលជាច្រើនថ្ងៃ ទាំងគ្មានមនុស្សម្នាណាម្នាក់ដឹង និង ជួយសង្គ្រោះទាន់ពេលវេលា ប៉ុន្ដែទម្រាំដល់ប្រជាពលរដ្ឋ បានប្រទះឃើញ គឺអ្វីៗបានហួសពេលអស់ទៅហើយ និង ចុងក្រោយ បានត្រឹមតែរាយការណ៍ទៅសមត្ថកិច្ច ឲ្យយករថយន្ដមកស្ទូច យករថយន្ដរបស់ជនរងគ្រោះឡើងមកលើគោក កាលពីវេលាម៉ោង១២ និង ៤៥នាទីរសៀល ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចស្ពានត្រពាំងប្រី នៅខាងលិចភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹង ថា កាលពីវេលាកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋ អំពីករណីប្រទះឃើញរថយន្ដមួយគ្រឿង ម៉ាក Ford ពណ៌លឿង ធ្លាក់ចូលទៅក្នុងទឹកក្រោមស្ពានត្រពាំងប្រី ប៉ុន្ដែពួកគាត់មិនបានដឹង ថា ជនរងគ្រោះ បានបើករថយន្ដធ្លាក់ចូលទៅក្នុងទឹក តាំងពីពេលណានោះដែរ។ បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ សមត្ថកិច្ចបានចុះទៅពិនិត្យ និង ស្ទូចយករថយន្ដឡើងមកលើគោក ក៏បានប្រទះឃើញសាកសពរបស់បុរសរងគ្រោះម្នាក់ នៅក្នុងរថយន្ដ។ ក្រោយការពិនិត្យរួចមក សមត្ថកិច្ចបានកំណត់អត្ដសញ្ញាណរបស់ជនរងគ្រោះ ឈ្មោះ កុយ សោភ័ណ្ឌ ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍សង្កាត់ឡាបានសៀក ក្រុងបបានលុង ខេត្តរតនគិរី។

ក្រោយពេលស្ទូចរថយន្ដឡើងមកលើគោករួចហើយ សមត្ថកិច្ច កំពុងតែទាក់ទង និង ស្រាវជ្រាវស្វែងរកក្រុមគ្រួសារ ឬសាច់ញាតិ មកទទួលយកសាកសពរបស់ជនរងគ្រោះ ដើម្បីដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ពត័មានពេញនិយម