ជនជាតិចិន២នាក់ ប្រដាប់ដោយកាំបិតចុងស្រួច ចាក់ប្រហារទៅលើជនជាតិចិនដូចគ្នាប៉ុនប៉ងផ្ដាច់ជីវិត

26-កក្តដា-2024 - ម៉ោង 04:25:PM

រាជធានីភ្នំពេញ៖ ជនជាតិចិន ចំនួន២នាក់ បានប្រដាប់ដោយកាំបិតចុងស្រួច ចាក់ប្រហារទៅលើជនជាតិចិនដូចគ្នា នៅក្នុងគោលបំណងប៉ុនប៉ងឆក់យកជីវិតរបស់ជនរងគ្រោះ ក៏ត្រូវបានសមត្ថកិច្ចចម្រុះ ចុះទៅឃាត់ខ្លួន កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅមុខបន្ទប់លេខ ១០២៦ ជាន់ទី១០ នៃអគារខុនដូដាយមិនវ័ន តាមផ្លូវបេតុង នៅកោះពេជ្រ ស្ថិតក្នុងភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹង ថា កាលពីវេម៉ោង៣ និង ១៦នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែកក្កដា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានី បានសហការជាមួយនឹងកម្លាំងអធិដ្ឋាននគរបាលខណ្ឌចំការមន ចុះទៅឃាត់ខ្លួនជនជាតិចិន ចំនួន២នាក់ ពាក់ព័ន្ធនឹងករណីចាក់ប្រហារ និង ប៉ុនប៉ងសម្លាប់ជនរងគ្រោះ ជាជនជាតិចិនដូចគ្នា។ ជនសង័្សយទាំង២នាក់នេះ រួមមាន៖ ១-ឈ្មោះ លី ហាវ (LI HAO) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ មិនមានលិខិតឆ្លងដែននៅជាប់នឹងខ្លួន ស្នាក់នៅអគារខុនដូដាយមិនវ័ន (កោះពេជ្រ) បន្ទប់លេខ ៣៣២ ជាន់ទី៣ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និង ២-ឈ្មោះ បៃ ស៊ើរ (BAI XU ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរជាបុគ្គលិកហាងម៉ាស្សាសេន ស្ប៉ា ( SEINE SPA) មិនមានលិខិតឆ្លងដែននៅជាប់នឹងខ្លួន ស្នាក់នៅបន្ទប់លេខ៣០១ ជាន់ទី៣ ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ រីឯជនរងគ្រោះ ឈ្មោះ M Y J ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះ បានរងរបួសស្មាខាងឆ្វេង ចំនួន១កាំបិត និង កំភួនដៃខាងឆ្វេង ចំនួន១កាំបិត ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ។ ដោយឡែក វត្ថុតាង ដែលសមត្ថកិច្ចដកហូតបាន ជាប្រភេទដំបងដែកចំនួន២ដើម ដោយមានភ្ជាប់ជាមួយនឹងកាំបិតចុងស្រួច សម្រាប់ប្រើប្រាស់ជាឧបករណ៍ប្រព្រឹត្តបទល្មើស។

ក្រោយពេលឃាត់ខ្លួនរួចមក មន្រ្ដីជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានី បានកសាងសំណុំរឿងបញ្ជូនជនសង័្សយទាំង២នាក់ និង វត្ថុតាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕

ពត័មានពេញនិយម