ជនជាតិវៀតណាម២នាក់ ដឹកជញ្ជូនគ្រឿងផ្ទុះគ្មានការអនុញ្ញាត មកជាប់វណ្ឌកទាំងអ្នកបកប្រែខ្មែរម្នាក់ទៀត

25-កក្តដា-2024 - ម៉ោង 02:03:PM

ខេត្តកំពង់ស្ពឺ៖ ជនជាតិវៀតណាម ចំនួន២នាក់ និង ជនជាតិខ្មែរម្នាក់ បានដឹកជញ្ជូនគីបអគ្គិសនីផ្ទុះរហ័ស ដោយគ្មានការអនុញ្ញាត ក៏ត្រូវបានមន្រ្ដីជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការសឹក ក្រោយពេលសមត្ថកិច្ចចម្រុះ បានបង្ក្រាប និង ឃាត់ខ្លួន កាលពីវេលាម៉ោង១០ និង ៥០នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិក្អែកពង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹង ថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំបញ្ជាកម្លាំងដដោយផ្ទាល់ដល់កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កម្លាំងមន្ទីរស្រាវជ្រាវ ព័ត៌មានសន្តិសុខ និងកម្លាំងមូលដ្ឋានស្រុកភ្នំស្រួច ចុះស្រាវជ្រាវ និង ធ្វើការងារតាមជំនាញរបស់ខ្លួន។ ជាលទ្ធផល សមត្ថកិច្ច បានបង្ក្រាប និង ឃាត់ខ្លួនជនសង័្សយ ចំនួន៣នាក់ រួមមាន៖ ១-ឈ្មោះ ខាន សុភ័ណ្ឌ ហៅ សម្បត្តិ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ បកប្រែភាសាវៀតណាម ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្នាក់នៅភូមិអូរ ឃុំរវៀង ស្រុករវៀង ខេត្តព្រះវិហារ, ២-ឈ្មោះ ហ៊ុញ វ៉ាន់ ហូ (HUYNH VAN HO) ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរជាងបច្ចេកទេសខាងផ្សារ ជនជាតិវៀតណាម សញ្ជាតិវៀតណាម ស្នាក់នៅក្រុមហ៊ុន Globol Green (ហ្គោប៊ល ហ្គ្រីន) ស្ថិតក្នុងភូមិអូរ ឃុំរវៀង ស្រុករវៀង ខេត្តព្រះវិហារ និង ៣-ឈ្មោះ ហ៊ុញ បា ឌុយ (HUYNH BA DUY) ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរទេសចរណ៍ ជនជាតិវៀតណាម សញ្ជាតិវៀតណាម ស្នាក់នៅ ក្រុមហ៊ុន Globol Green ភូមិអូរ ឃុំរវៀង ស្រុករវៀង ខេត្តព្រះវិហារ។ រីឯវត្ថុតាងដែលសមត្ថកិច្ចបានដកហូតជាបណ្ដោះអាសន្ន មានដូចជាំ៖ ១- រថយន្ត ចំនួន១គ្រឿង ម៉ាក Ford ស៊េរី២០២៣ ពណ៌ប្រផេះ ពាក់ស្លាកលេខ កម្ពុជា LE.ANHTU (ឡេអាញទូ), ២-ទូរស័ព្ទ ចំនួន ៣គ្រឿង, ៣-គីបអគ្គិសនីផ្ទុះរហ័ស ចំនួន៣កេស បើតាមវិក្កយបត្រសរុប១៤៤០គ្រាប់, ៤-ស្បែកជើងកវែង ចំនួន១បេ, ៥-ទុយោខ្យល់ ចំនួន១ដុំ និង ៦-ស្គុត ចំនួន១បេ ។

ក្រោយពេលបង្រ្កាប និង ឃាត់ខ្លួនរួចមក សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និង វត្ថុតាង ទៅកាន់អយ្យការអមតុលាការយោធា ដើម្បីចាត់ការបន្តនីតិវិធី៕

ពត័មានពេញនិយម