រថយន្ដស៊េរីទំនើបមួយគ្រឿងបើកលឿនដូចហោះ បុកបង្គោលភ្លើង ដាច់កង់រថយន្ដ

25-កក្តដា-2024 - ម៉ោង 09:51:AM

រាជធានីភ្នំពេញ៖ រថយន្ដស៊េរីទំនើបមួយគ្រឿង បានបើកបោះពួយយ៉ាងលឿន រេចង្កូតខុសផ្លូវ ជ្រុលទៅបុកបង្គោលភ្លើង បាក់ ខណៈរថយន្ដបង្កបានដាច់កង់មុខ និង ខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ បានបើករថយន្ដ ម៉ាក Ford Ranger ពាក់ស្លាកលេខ ភ្នំពេញ 2BQ-8835 បោះពួយយ៉ាងលឿនតាមបណ្ដោយផ្លូវ៦០ម៉ែត្រ។ លុះពេលរថយន្ដ បានបើកមកដល់ចំណុចកើតហេតុ មិនដឹងជាអ្នកបើកបរស្រវឹង ឬ ងងុយដេក ហើយងោកមួយភាំង ឬ ក៏រថយន្ដមានល្បឿនលឿនខ្លាំងពេក ទើបមិនអាចគ្រប់គ្រងដៃចង្កូតបាន ធ្វើឲ្យរថយន្ដរេចង្កូត ទៅបុកបង្គោលភ្លើងបាក់ អស់ចំនួន១ដើម។ រីឯរថយន្ដបង្ក បានដាច់កង់មុខ និង បានខូចខាតយ៉ាងដំណំ ប៉ុន្ដែករណីនេះ មិនបានបង្កឲ្យមានមនុស្សណាម្នាក់ រងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង ធ្វើកំណត់ហេតុ ដកហូតរថយន្ដយកទៅរក្សាទុក ដើម្បីដោះស្រាយសងនូវការខូចខាតទ្រព្យសម្បត្ដិសាធារណៈរបស់រដ្ឋ៕