ប្រទះឃើញបុរសម្នាក់ដេកក្នុងថ្លុកឈាមគួរឲ្យរន្ធត់ចិត្តខ្លាំងណាស់

23-កក្តដា-2024 - ម៉ោង 01:54:PM

 

រាជធានីភ្នំពេញ៖ បុរសម្នាក់ បានយកកូនកាំបិតចាក់សម្លាប់ខ្លួនឯង ហើយសាកសពរបស់ជនរងគ្រោះ ត្រូវបានសាច់ញាតិមកប្រទះឃើញ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឱ្យដឹងថា បុរសរងគ្រោះ ឈ្មោះ គឹម ម៉ារ៉ាឌី អាយុ៣៩ឆ្នាំ ស្នាក់នៅក្នុងបន្ទប់កើតហេតុតែម្នាក់ឯង ហើយគាត់អត់មានប្រពន្ធកូននោះឡើយ។ គាត់ជាអ្នកមើលការខុសត្រូវបន្ទប់ជួលឱ្យឪពុកម្ដាយ រស់នៅសហរដ្ឋអាមេរិក ខណៈបងប្អូនរបស់គាត់ រស់នៅកន្លែងផ្សេងៗគ្នា។

បើតាមប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹង ថា កាលពីថ្ងៃទី២១ ខែកក្កដា រូបគេបានទាក់ទងមកបងប្រុសជាធម្មតា។ លុះមកដល់ថ្ងៃទី២២ ខែកក្កដា រូបគេបានទាក់ទងមកបងប្រុសម្ដងទៀត ស្រាប់តែទាក់ទង់លែងបាន ទើបរូបគេបានយកលុយចំនួន១២០ដុល្លារ មកឱ្យបង។ ប៉ុន្ដែនៅពេលគេមកទៅដល់ ឃើញទ្វារ និង បង្អួចបិទជិត ហើយជាប់គន្លឹះពីខាងក្នុង និង ស្រែកហៅ ក៏អត់ឮឆ្លើយតប ទើបធ្វើឲ្យគេមានការងឿងឆ្ងល់។ បន្ទាប់មកគេបានហៅបងប្អូន មកពីកន្លែងផ្សេងៗឱ្យមកជួយមើល ហើយបានជួលជាងកាត់គន្លឹះទ្វារ ចូលទៅមើល ក៏ឃើញបងប្រុស បានស្លាប់នៅក្នុងថ្លុកឈាម ដោយមានស្នាមចាក់ជាច្រើនកន្លែងពេញដងខ្លួន ទើបខ្លួនស្រែកឆោឡោឡើង ផ្អើលដល់អ្នកជិតខាង។

ប្អូនប្រុសរបស់ជនរងគ្រោះ បានបន្ដ ថា បងប្រុសរបស់គេ មានជំងឺប្រចាំកាយ ដោយរលាកស្រោមខួរ ព្រោះតែខិតខំរៀនខ្លាំងពេក។ កាលពីដំបូងឡើយ បងប្រុសមានស្មារតីធម្មតាៗទេ ប៉ុន្តែកាលពី៧ឆ្នាំមុន ត្រូវបានចោរប្លន់ វាយយកម៉ូតូ១គ្រឿង ទើបធ្វើឱ្យគាត់ ចេះតែមានការភ័យខ្លាច រហូតមក។

ក្រោយពេលកើតហេតុ សមត្ថកិច្ចពាក់ព័ន្ធ បានចុះមកពិនិត្យ និង ធ្វើកោសល្យវិច័យ រួចហើយបានបញ្ជាក់ ថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាត ចាក់សម្លាប់ដោយខ្លួនឯងប្រាកដមែន។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពរបស់ជនរងគ្រោះ ជូនទៅក្រុមគ្រួសារដឹកយកទៅធើ្វបុណ្យ តាមប្រពៃណី៕

ពត័មានពេញនិយម