ឈាមស្រែកស្បែកហៅ! ក្មេងស្ទាវម្នាក់ ចាប់អូសកម្មការិនីវ័យក្មេងចេញពីបន្ទប់ នាំទៅរំលោភ-សម្លាប់

23-កក្តដា-2024 - ម៉ោង 01:35:PM

ខេត្តព្រះសីហនុ៖ ក្មេងស្ទាវម្នាក់ បានលបចាប់នារីរងគ្រោះ អូសចេញពីបន្ទប់ស្នាក់នៅរបស់បុគ្គលិក នាំទៅចាប់រំលោភសេពសន្ថវៈ រហូតបានសម្រេច ហើយបានយកខ្សែនីឡុងនៅជាប់នឹងអាវរបស់នាង យកមករឹតកសម្លាប់ ទើបយកសាកសពទៅកប់ចោល រួចគេចខ្លួនចេញពីកន្លែងកើតហេតុ ធ្វើដូចជាគ្មានរឿងអ្វីកើតឡើង ប៉ុន្ដែអំពើដ៏ព្រៃផ្សៃបែបនេះ ពិតជាមិនអាចគេចខ្លួនបានរហូតនោះឡើយ ហើយនៅទីបំផុត សមត្ថកិច្ចពាក់ព័ន្ធរបស់ខេត្តព្រះសីហនុ បានធ្វើការងារស្រាវជ្រាវតាមជំនាញរបស់ខ្លួន រហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ កាលពីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្ដព្រះសីហនុ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹង ថា កាលពីវេលាម៉ោង៤ និង ៣០នាទីល្ងាច ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចមូលដ្ឋាន បានទទួលព័ត៌មានពីប្រជាពលរដ្ឋ អំពីករណីប្រទះឃើញសាកសពរបស់នារីម្នាក់ នៅក្នុងអូរមួយកន្លែង ស្ថិតក្នុងចម្ការស្វាយ ដែលមានចម្ងាយប្រហែល១០០ម៉ែត្រ នៅខាងក្រោយអគារស្នាក់នៅរបស់កម្មកររោងចក្រវេចខ្ចប់ផ្លែស្វាយ ស្ថិតក្នុងភូមស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្ដព្រះសីហនុ។ បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាទៅលោកឧត្ដមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ឲ្យដឹកនាំកម្លាំងជំនាញ ចុះទៅសហការគ្នាជាមួយនឹងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សិលា បើកការស្រាវជ្រាវស្វែង និង ស្វែងរកឃាត់ខ្លួនជនសង័្សយ ក្រោមការសម្របសម្រួលផ្នែកច្បាប់ ពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ។ លុះមកដល់វេលាម៉ោង៩ និង ៣០នាទីយប់ ថ្ងៃទី២១ ខែកក្កដា សមត្ថកិច្ចបានកំណត់អត្ដសញ្ញាណរបស់ជនដៃដល់យ៉ាងជាក់លាក់ និង បានឃាត់ខ្លួនជនសង័្សយ នាំទៅសាកសួរ។

ប្រភពដដែល បានបន្ដ ថា ជនសង័្សយជាឃាតករ ឈ្មោះ ម៉ៃ សាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិឫស្សី២ ឃុំមោងឫស្សី ស្រុកមោងឫស្សី ខេត្តបាត់ដំបង ហើយមានមុខរបរកម្មករចិតផ្លែស្វាយ និង ស្នាក់នៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ រីឯនារីរងគ្រោះឈ្មោះ ស៊ន សំណាង ជនជាតិខ្មែរ អាយុ ២១ឆ្នាំ ជាកម្មការិនីរោងចក្រវេចខ្ចប់ផ្លែស្វាយ មានស្រុកកំណើត នៅភូមិអណ្ដូងកន្លែង ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ហើយនៅមុនពេលនាងត្រូវបានឃាតករសម្លាប់នោះ គឺនាងបានស្នាក់នៅអគារបុគ្គលិក នៃរោងចក្រវេចខ្ចប់ផ្លែស្វាយ ជិតកន្លែងកើតហេតុ។

ជនសង័្សយ បានសារភាព នៅចំពោះមុខសមត្ថកិច្ច ថា រូបគេ បានចងចិត្តប្រតិព័ន្ធទៅលើនារីរងគ្រោះ អស់រយៈពេលជាច្រើនថ្ងៃកន្លងមកហើយ។ លុះមកដល់វេលាម៉ោងប្រហែលជា២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០២៤ រូបគេ បានឃើញឱកាសល្អ ក៏បានចូលទៅលបចាប់នាងនារីរងគ្រោះ អូសចុះពីលើអគារស្នាក់នៅ នាំចូលទៅក្នុងបន្ទប់ទឹក ហើយបានចាប់ខ្ទប់មាត់របស់នាង និង បន្ដអូសទៅខាងក្រោយអគារនោះ ដែលមានចម្ងាយប្រហែលចម្ងាយ១៥ម៉ែត្រ ទើបធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើនាង រហូតបានសម្រេច។ បន្ទាប់មក រូបគេបានយកខ្សែនីឡុង ពណ៌សនៅជាប់នឹងអាវរបស់នារីរងគ្រោះ យកមករឹតករបស់នាង រហូតដល់ស្លាប់ ទើបលើកសាកសពរបស់នាងបញ្ឈរឡើង និង ឱបយកសាកសពនោះទៅទម្លាក់ចោល នៅក្នុងអូរមួយកន្លែង ស្ថិតក្នុងចម្ការស្វាយ ដែលមានចម្ងាយប្រហែល១០០ម៉ែត្រ ពីខាងក្រោយអគារស្នាក់របស់បុគ្គលិក រួចហើយបានកាយស្លឹកឈើ យកមកកប់សាកសព។

ក្រោយពេលសាកសួររួចហើយ សមត្ថកិច្ចបានឃាត់ខ្លួនជនសង័្សយជាបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហើយមន្រ្ដីជំនាញកំពុងតែកសាងសំណុំរឿង បញ្ជូនជនដៃដល់ ទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕