បញ្ជូនបុរសជើងខ្លាំងម្នាក់ទៅតុលាការ ព្រោះទាញកាំភ្លើងគំរាមជនរងគ្រោះចោទរឿងលួចលាក់លេងល្បែងផ្កាប់ផ្ងារលើគ្រែ

22-កក្តដា-2024 - ម៉ោង 11:50:AM

រាជធានីភ្នំពេញ៖ មន្រ្ដីជំនាញរបស់កងរាជអាវុធហត្ថ បានសម្រេចកសាងសំណុំរឿង បញ្ជូនជនសង័្សយម្នាក់ ទៅកាន់តុលាការ ក្រោយពេលជននេះបានផ្ទុះកំហឹងយ៉ាងក្រេវក្រោធ ទាញកាំភ្លើងយកទៅគំរាមលើជនរងគ្រោះ ដែលបានចោទប្រកាន់មកលើខ្លួន អំពីការលួចលាក់មានទំនាក់ទំនងលេងល្បែងផ្កាប់ផ្ងារនៅលើគ្រែ ជាមួយនឹងប្រពន្ធរបស់គាត់ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចយឿត្រីថ្មី នៅគល់ស្ពានព្រែកព្នៅ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតមានហេតុ ជនសង័្សយ បានអះអាង ថា ជនរងគ្រោះ បានចោទប្រកាន់ទៅលើជនសង័្សយ អំពីការលួចលាក់មានទំនាក់ទំនងស្នេហា ជាមួយនឹងប្រពន្ធរបស់គាត់។ លុះមកដល់វេលាកើតហេតុ ស្រាប់តែជនសង័្សយ បានបើករថយន្ដ ម៉ាកឡិចស៊ីស RX 350 ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 02.2.617 មកដល់ ហើយបានទាញកាំភ្លើងវែង ប្រភេទ AK47 មួយដើម ចេញពីក្នុងរថយន្ដ ហើយបានកាន់ច្រងេងច្រងាង ដើរសំដៅទៅរកជនរងគ្រោះ និង អ្នកជិតខាង ធ្វើឲ្យប្រជាពលរដ្ឋស្រែឆោឡោឡើង និង រាយការណ៍ទៅសមត្ថកិច្ចអាវុធហត្ថ ចុះមកឃាត់ខ្លួនតែម្ដង។

មន្រ្ដីអាវុធហត្ថខណ្ឌព្រែកព្នៅ បានឲ្យដឹង ថា នៅមុនពេលឃាត់ខ្លួន ជនសង័្សយ មានមុខរបរជាមន្រ្ដីយោធា ផ្នែកកងកិត្តិយសគ្រែទ័ព ហើយបច្ចុប្បន្ន រស់នៅផ្ទះលេខ68C ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ រីឯជនរងគ្រោះ ឈ្មោះ តែ ប្រុស ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខ របរលក់ត្រី។

ជនសង័្សយ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថ ថា គាត់ពិតជាបានកាន់កាំភ្លើង យកទៅគំរាមលើជនរងគ្រោះ ឈ្មោះ តែ ប្រុស និង អ្នកជិតខាង ប្រាកដមែន។ ករណីនេះ ក៏ដោយសារតែជនរងគ្រោះ បានចោទប្រកាន់ មកលើគាត់ ថា គាត់បានទំនាក់ទំនងស្នេហាជាមួយប្រពន្ធរបស់ជនរងគ្រោះ។

ក្រោយពេលឃាត់ខ្លួនរួច សមត្ថកិច្ច បាននាំខ្លួនជនសង័្សយ និង វត្ថុតាង បញ្ជូនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ដើម្បីចាត់ការបន្ដតាមនីតិវិធី។ បន្ទាប់មក មន្រ្ដីជំនាញរបស់កងរាជអាវុធហត្ថ ក៏បានសម្រេចកសាងសំណុំរឿង បញ្ជូនជនសង័្សយរូបនេះ ទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់៕

ពត័មានពេញនិយម