ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលទើបនឹងជ្រើសរើសថ្មី នាព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(UHS) ។
ពិធីនេះទទួលបានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំស.ស.យ.ក. លោក លោកស្រី ភ្ញៀវកិត្តិយស សមាជិក សមាជិកា នៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំនៅ(UHS) សរុបប្រមាណ ៤៩១ រូបផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត សាស្ត្រាចារ្យ សាវុន វឌ្ឍន: សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានសម្ដែងនូវគារវកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលបានអញ្ជើញចូលរួមជាអធិបតីនាឱកាសនេះ។
នាឱកាសនោះដែរ ឯកឧត្តម បានរាយការណ៍អំពីសមិទ្ធផលសម្រេចបាននាពេលកន្លងមករបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំនៅ(UHS) រួមមានចំនួន ៣ ធំៗ ៖ (១) ការចូលរួមផ្តលសេវា ថែទាំនិងព្យាបាលសុខភាពជូនប្រជាពលរដ្ឋដោយឥតកម្រៃបានចំនួន១៧លើក (២)បណ្តុះស្មារតីមនុស្សធម៌ សីលធម៌វិជ្ជាជីវៈដោយភ្ជាប់ជាមួយឡូហ្គូស.ស.យ.ក.ចំនួន៨លើក (៣) បានចូលសកម្មភាពនានាដោយភ្ជាប់ជាមួយឡូហ្គូស.ស.យ.ក ចំនួន៦លើក។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា នៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានលះបង់ កម្លាំងកាយ ចិត្ត បេ្តជ្ញាចិត្តចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជានាពេលកន្លងមក និងមកទល់ពេលបច្ចុប្បន្ន។ ឯកឧត្តមបានបន្តទៀតថា គ្រប់សកម្មភាពទាំងអស់របស់ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមរយៈការចូលរួមការបង្ហាញពីការយកចិត្តទុកដាក់ និងតែងតែខ្វល់ខ្វាយពីសុខទុក្ខប្រជាពលរដ្ឋជួបទុក្ខលំបាកគ្រប់កាលទេស:ទាំងអស់។