រាជធានីភ្នំពេញ៖ ក្មេងទំនើងចំនួន២ក្រុម បានក្លែមពាក្យសម្ដី ឌឺដងដាក់គ្នាចុះឡើង រហូតឈានដល់ការផ្ទុះកំហឹងយ៉ាងក្រេវក្រោធ ដេញវាយតប់ និង កាប់ចាក់គ្នា រហូតដឹងដល់សមត្ថកិច្ច ចុះទៅធ្វើអន្ដរាគមន៍ ឃាត់ខ្លួនចំនួន៥នាក់ កាលពីវេលាម៉ោង១០ និង ៣០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៥ នៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលឃាត់ខ្លួននោះ មានក្មេងទំនើងចំនួន២ក្រុម បានបង្ហើរពាក្យសម្ដីឌឺដងដាក់គ្នាទៅវិញទៅមក តែពួកគេមិនទាន់បានបង្កហិង្សានោះឡើយ។ លុះមកដល់វេលាកើត មានភាគីម្ខាង បានដើរកាត់ពីមុខភាគីម្ខាងទៀត ទើបបង្កទៅជម្លោះព្រួតដេញវាយតប់ និង ទាញកាំបិតបុ័ងតោ កាប់ប្រហារទៅលើគូទំនាស់ បណ្តាលឲ្យរងរបួសស្រាល។ ភ្លាមៗនោះ អ្នកភូមិបានរាយការណ៍ទៅសមត្ថកិច្ច ហើយកម្លាំងនគរបាលមូលដ្ឋានបានចុះទៅធ្វើអន្តរាគមន៍ ឃាត់ក្មេងទំនើងចំនួន៥នាក់។
ក្រោយពេលឃាត់ខ្លួនរួចហើយ សមត្ថកិច្ចបានដឹកជនសង័្សយទាំង៥នាក់ តាមរ៉ឺម៉ក បញ្ជូនទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីសាកសួរបឋម រួចហើយបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕