ខេត្តតាកែវ៖ បុរសកំណាចម្នាក់ បានសេពគ្រឿងញៀន រហូតបាត់បង់ស្មារតី ហើយបានវាយសម្លាប់ប្រពន្ធមានផ្ទៃពោះ រូចរត់គេចខ្លួនបាត់ អស់រយៈពេលជាង៥ខែ ទើបវិលចូលស្រុកវិញ ក៏ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅភូមិស្វាយឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ហើយបានបញ្ជូនទៅកាន់តុលាការ កាលពីព្រឹក ថ្ងៃទី២១ ខែឆ្នាំដដែលនេះ។
បើតាមលោកវរសេនីយ៍ឯក ឥន មណ្ឌល អធិការនគរបាលក្រុងដូនកែវ បានឲ្យដឹង ថា កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ មានការផ្អើលឆោឡោ អំពីករណីឃាតកម្មទៅលើស្រ្ដីមានផ្ទៃពោះម្នាក់។ ហេតុការណ៍នេះ បានកើតឡើង បន្ទាប់ពីក្មេងស្រីម្នាក់ បានបើកទ្វារចូលទៅក្នុងផ្ទះរបស់នាង ហើយបានឃើញម្តាយរបស់ខ្លួនស្លាប់ នៅក្នុងស្ថានភាពដេកដណ្ដប់ភូយ និង មុខហើមជាំខ្មៅ។ ភ្លាមៗកូនស្រីរបស់ស្រ្ដីរងគ្រោះ បានរត់ទៅប្រាប់ជីដូនរបស់នាង ទើបបង្កឲ្យភ្ញាក់ផ្អើលពេញភូមិ ហើយនាំគ្នារត់មកមើល ទើបដឹង ថា ស្រ្ដីរងគ្រោះ ត្រូវបានប្ដីយកកាំបិតចាក់ទ្រូង រួចកាច់កដៃកជើងបំបាក់អស់ ទើបលើកសពយកទៅដាក់ឲ្យដេកនៅលើគ្រែ រួចគ្របភួយ នៅមុនពេលគេបានរត់គេចខ្លួនបាត់។
ប្រភពដដែល បានបន្ដ ថា ក្រោយពេលមានសេចក្ដីរាយការណ៍អំពើករណីឃាតកម្មទៅលើស្រ្ដីមានផ្ទៃពោះបែបនេះ សមត្ថកិច្ចពាក់ព័ន្ធ បានចុះទៅពិនិត្យ និង ធ្វើការងារតាមជំនាញរបស់ខ្លួន ហើយតុលាការក៏បានចេញដីកាចាប់ខ្លួនផងដែរ។ លុះពេលជនជាប់ចោទ បានរត់គេចខ្លួន អស់រយៈពេលជា៥ខែកន្លងមក ហើយទំនងជាគេគិត ថា សមត្ថកិច្ចចាត់ការលើរូបគេ ទើបគេត្រឡប់ចូលផ្ទះវិញ ក៏ត្រូវបានកម្លាំងនគរបាល អនុវត្ដតាមដីការបស់តុលាការតែម្ដង។ ករណីឃាតកម្មនេះ សមត្ថកិច្ចបានសន្និដ្ឋាន ថា អាចបណ្ដាលមកពីការស្រវឹងនឹងគ្រឿងញៀន ។
ក្រោយពេលឃាត់ខ្លួនរួចមក មន្រ្ដីជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ទកម្រិតធ្ងន់ខេត្តតាកែវ បានបញ្ជូនជនជាប់ចោទ ទៅកាន់សាលាដំបូងខេត្ត កាលពីព្រឹក ថ្ងៃទី២១ ខែមករា ដើម្បីចោទប្រកាន់តាមផ្លូវច្បាប់៕